|  | 
| រូបថតៈ Facebook លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន | 
ដោយៈ ទិន សុខាវុធ
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ បានសរសេរនៅលើទំព័រ Facebook របស់លោកថា ក្រុមហ៊ុនចិនមួយដែលកំពុងធ្វើការសាកល្បងក្នុងការចិញ្ចឹមបង្គាក្នុងខេត្តកំពត មានបំណងពង្រីកកសិដ្ឋានរបស់ពួកគេ អោយមានទំហំកាន់តែធំថែមទៀត ក្រោយពីទទួលបានជោគជ័យពីជំហានដំបូងនៃការចិញ្ចឹមសាកល្បង។
យោងតាមលោករដ្ឋមន្ត្រី នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិញ្ចឹមបង្គា ហ្គ្រេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា) ឯ.ក បានបោះទុនចំនួនជាងមួយលានដុល្លារហើយ ក្នុងការបង្កើតកសិដ្ឋាន និងគំរូរោងចិញ្ចឹមបង្គាមួយ ដែលនៅក្នុងនោះមានអាងតូចៗធ្វើពីផ្លាស្ទិកមានរាងមូលសំរាប់ចិញ្ចឹមបង្គាចំនួន ៣៤ អាង។ នៅក្នុងអាងនិមួយៗ បង្គាអាចរីកធំធាត់ដល់ទំងន់ ១ គីឡូក្រាម សំរាប់បង្គាចំនួនពី ៣០ ទៅ ៣៥ ក្បាល ក្នុងរយៈពេល ៣ ខែ។ ហើយជាទូទៅ ក្នុងបង្គាមួយគីឡួក្រាមអាចត្រូវលក់បានក្នុងតំលៃចាប់ពី ៤,០០០ ទៅ ៥,០០០ រៀល នៅលើទីផ្សារបច្ចុប្បន្ន។ កសិដ្ឋានចិញ្ចឹមបង្គានេះ ស្ថិតនៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
លោករដ្ឋមន្ត្រីបានសរសេរបន្ថែមទៀតថា កសិដ្ឋាននោះបានបាននិងកំពុងធ្វើការសាកល្បងចិញ្ចឹមបង្គា ដោយប្រើប្រាស់បច្ចេកវិទ្យាមកពីប្រទេសចិន មានដូចជាការសាងសង់ ការចិញ្ចឹម ការផ្តល់ចំណី ការប្រើប្រាស់ទឹក និង ការសំអាតទឹកជាដើម។
ដោយទទួលបានជោគជ័យក្នុងការចិញ្ចឹមសាកល្បងនេះ ក្រុមហ៊ុន ហ្គ្រេន ហុង យាន អេឃ្វើខលឈ័រ នឹងពង្រីកកសិដ្ឋានរបស់ពួកគេ ដោយនឹងសង់បន្ថែមនូវរោងចិញ្ចឹមបង្គាដូចគ្នានេះចំនួន ៣២ រោងថែមទៀត នៅលើផ្ទៃដីសម្បទានចំនួន ៣២ ហិកតារបស់ក្រុមហ៊ុន។
ជាលទ្ធផល លោករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមហ៊ុន ដោយបាននិងកំពុងចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបានចូលរួមចំណែកបង្កើតការងារសំរាប់ប្រជាពលរដ្ឋមូលដ្ឋាន ដែលជាប្រការអនុញ្ញាតអោយពួកគេអាចបង្កើនចំណូលក្នុងគ្រួសារ។ មួយវិញទៀត លោករដ្ឋមន្ត្រីបានលើកឡើងថា គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលរបស់លោកគឺ៖ «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍ និង សហគមន៍កសិកម្ម» ៕
|  | 
| រូបថតៈ Facebook លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន | 
 
 
 
No comments:
Post a Comment