![]() |
រូបថតៈ Facebook ក្រសួងពាណិជ្ជកម្ម |
ដោយៈ ទិន សុខាវុធ
លោក Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសសឹង្ហបុរី បានលើកឡើងថា ផលិតផលកសិផលរបស់កម្ពុជាមួយចំនួនធំដូចជា បន្លែ ផ្លែឈើ ត្រី សាច់ និង ម្ហូបសមុទ្រជាដើម អាចត្រូវនាំចេញទៅលក់នៅលើទីផ្សារសឹង្ហបុរីបានដោយគ្មានបញ្ហាអ្វីឡើយ ដោយហេតុថាផលិផលទាំងអស់នោះនឹងឆ្លើយតបទៅនឹងតំរូវការដ៏ខ្ពស់នៅលើទីផ្សារសឹង្ហបុរី។ លើសពីនេះទៀត កម្ពុជាក៏នឹងអាចនាំចេញទៅកាន់ប្រទេសសឹង្ហបុរីផងដែរ នូវផលិតផលមួយចំនួនទៀតមានដូចជា ស៊ីម៉ង់ ខ្សាច់ និងនៅពេលអនាគតអាចជាផលិផលទឹកស្អាតនិងថាមពលជាដើម។
យោងតាមទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ ប្រតិភូកម្ពុជាមួយក្រុម ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទៅទស្សនកិច្ចការងារនៅប្រទេសសឹង្ហបុរី និងបានចូលរូមបរិភោគអាហារថ្ងៃត្រង់ រៀបចំឡើងដោយលោករដ្ឋមន្ត្រី Chan Chun Sing ក្នុងគោលបំណងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជរវាងប្រទេសទាំងពីរ។ ហើយនៅក្នុងកិច្ចពិភាក្សានោះក៏មានវត្តមានក្រុមហ៊ុនឯកជនសឹង្ហបុរីចំំនួនពីរគឺក្រុមហ៊ុន NTUC Fairprice និងក្រុមហ៊ុន Enterprise Singapore ដែលបានចូលរូមផងដែរ។
នៅក្នុងកិច្ចសន្ទនានោះ បន្ថែមទៅលើផលិតផលកសិផលកម្ពុជា ដែលត្រូវបានលើកឡើងដោយរលោករដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី លោករដ្ឋមន្ត្រីកម្ពុជា ប៉ាន សូរស័ក្ដិ បានបន្ថែមទៀតថា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រុង និង ផ្លែស្វាយ សុទ្ធតែជាផលិតផលកសិផលពិសេសរបស់កម្ពុជា ដែលកំពុងតែមានតំលៃខ្ពស់នៅលើទីផ្សារអន្តរជាតិ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ តំណាងក្រុមហ៊ុន NTUC Fairprice ដែលជាក្រុមហ៊ុនផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសសឹង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផល ផ្លែស្វាយ ម្រេចកំពត និង អង្ករ របស់កម្ពុជា។ ជាលទ្ធផល ក្រុមហ៊ុន NTUC Fairprice នឹងចាត់អោយអ្នកជំនាញរបស់គេមកសិក្សាពីលទ្ធភាពនាំចូលផលិតផលកសិផលកម្ពុជាទាំងនោះ ចូលទៅលក់នៅក្នុងបណ្តាផ្សារទំនើបរបស់ពួកគេ៕
No comments:
Post a Comment