
ដោយៈ ទិន សុខាវុធ
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID ដែលជាស្ថាប័នមួយទទួលបន្ទុកការអភិវឌ្ឍអន្តរជាតិរបស់រដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា ប្រទេសកម្ពុជាពិតជាមានការរីកចំរើនគ្រប់វិស័យ។ ហើយដើម្បីអោយការរីកចំរើនទាំងនេះនៅតែបន្តមានតទៅទៀត ស្ថានប័ន USAID នឹងរួមសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ក្នុងគោលបំណងរៀបចំកម្មវិធីអភិវឌ្ឍន៍ថ្មីមួយទៀត ដែលនឹងឈរនៅលើគោលការណ៍គោរពសិទ្ធិជាមូលដ្ឋាន ប្រជាធិបតេយ្យ និង និតិរដ្ឋ។
នៅក្នុងវីដេអូឃ្លីបមួយចុះផ្សាយនៅលើទំព័រ Facebook របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩ នេះ លោក Mark Green ប្រធានស្ថាប័ន USAID ក៏បានលើកឡើងផងដែរថា គោលដៅដ៏សំខាន់បំផុតរបស់ស្ថាប័នរបស់លោក គឺធ្វើយ៉ាងណាអោយប្រទេសក្រីក្រទាំងឡាយអាចមានសមត្ថភាពកសាងប្រទេសដោយខ្លួនឯងនៅពេលអនាគត ពីព្រោះស្ថានប័ន USAID របស់សហរដ្ឋអាមេរិក នឹងមិនអាចជួយប្រទេសទាំងនោះបានជារៀងរហូតនោះទេ។
លោក Green បានបន្តទៀតថា នៅប្រទេសកម្ពុជាមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មានចំនួនលើសពី ៨ លាននាក់។ ដូចនេះ USAID នឹងបើកយុទ្ធនាការស្ទង់មតិជាបន្តបន្ទាប់នៅលើបណ្តាញសង្គមមួយនេះ នៅពេលអនាគតខាងមុខ ដើម្បីរៀបចំកម្មវិធីអភិវឌ្ឍន៍ថ្មីមួយ សំរាប់ប្រទេសកម្ពុជាសំរាប់រយៈពេលប្រាំឆ្នាំខាងមុខនេះ៕
No comments:
Post a Comment