
ដោយៈ ទិន សុខាវុធ
នៅព្រឹកថ្ងៃ សុក្រ នេះ ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានសរសេរប្រកាសនៅលើទំព័រ Facebook របស់ស្ថានទូត អំពីគំនិតផ្តួចផ្តើមថ្មីមួយរបស់សហរដ្ឋអាមេរិក មានឈ្មោះថា «Asia EDGE» (Enhancing Development and Growth through Energy) ដែលមានទិសដៅជួយអភិវឌ្ឍវិស័យថាមពលនៅក្នុងតំបន៉អាស៊ីប៉ាស៊ីភីក ដែលនៅពេលថ្មីៗនេះ ត្រូវបានសហរដ្ឋអាមេរិកដូរឈ្មោះអោយទៅជាតំបន់ «ឥណ្ឌូប៉ាស៊ីភីក» វិញ។
យោងតាមអ្នកវិភាគមួយចំនួន គំនិតផ្តួចផ្តើម Asia EDGE ពិតជាមានគោលដៅប្រកួតប្រជែងជាមួយនឹងគំនិតផ្តួចផ្តើម «BRI» (Belt and Road Initiative) របស់ប្រទេសចិន ដែលជាកម្មវិធីអភិវឌ្ឍន៍មួយដែរនៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក ឬ ឥណ្ឌូប៉ាស៊ីភីកនេះ។
បើតាមក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក គំនិតផ្តួចផ្តើម Asia EDGE នេះមានគោលដៅជួយពង្រឹងនូវស្ថេរភាពថាមពល ពង្រីកការធ្វើពិពិធកម្មនិងពាណិជ្ជកម្មវិស័យថាមពល និង ជួយពង្រីកការប្រើប្រាស់ថាមពល អោយបានដល់មនុស្សគ្រប់រូប។ ជារួម គោលដៅសំខាន់បំផុតរបស់គំនិតផ្តួចផ្តើមនេះ គឺការជួយអភិវឌ្ឍប្រទេសក្រីក្រស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិក តាមរយៈការអភិវឌ្ឍវិស័យថាមពល។
«Asia EDGE seeks to strengthen energy security, increase energy diversification and trade, and expand energy access,» នេះជាសំណេររបស់ក្រសួងការបរទេសអាមេរិក នៅលើគេហទំព័ររបស់ស្ថាប័នមួយនេះ។
លើសពីនេះទៀត ក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា គោលដៅដ៏សំខាន់របស់ Asia EDGE គឺធ្វើយ៉ាងណាបង្កើតនូវទីផ្សារថាមពលបើកចំហរនិងប្រកបដោយតម្លាភាពមួយ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភីក ដែលនៅលើទីផ្សារនោះ បណ្តាប្រទេសទាំងឡាយអាចធ្វើការលក់និងទិញថាមពលផ្សេងៗ ក្នុងតំលៃថោកសមរម្យ អាស្រ័យទៅតាមច្បាប់ឬកិច្ចព្រមព្រៀងអន្តរជាតិទាំងឡាយ ដែលនឹងប្រកបទៅដោយសមធម៌និងយុត្តិធម៌។
មួយវិញទៀត ទោះជាគំនិតផ្តួចផ្តើម Asia EDGE នេះស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងការបរទេសអាមេរិកយ៉ាងណាក៏ដោយ ក៏មានក្រសួងនិងស្ថាប័នរបស់រដ្ឋាភិបាលអាមេរិកចំនួន ៧ ទៀតបាននិងកំពុងចូលរួមយ៉ាងសកម្មដែរ។ ក្រសួងនិងស្ថាប័នទាំងនោះរួមមាន៖ United States Agency for International Development, Department of Commerce, Department of Energy, Export-Import Bank of the United States, Overseas Private Investment Corporation, U.S. Trade and Development Agency, and the Department of the Treasury ។
បើនិយាយពីហិរញ្ញប្បទានវិញ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ លោករដ្ឋលេខាធិកា Mike Pompeo បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានផ្តល់ហិរញ្ញប្បទានប្រមាណជា $50 លានដុល្លារ សំរាប់ការរៀបចំនូវយុទ្ធសាស្ត្រមួយចំនួនទាក់ទងនឹងកម្មវិធីស្ថេរភាពថាមពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភីក ដែលត្រូវហៅកាត់ថា Asia EDGE នេះ។
ទន្ទឹមគ្នានេះដែរ គំនិតផ្តួចផ្តើម Asia EDGE ក៏នឹងស្វែងរកនូវការឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាលនៃប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិកផងដែរ ក្នុងការតាក់តែងច្បាប់ឬកិច្ចព្រងព្រៀងពាណិជ្ជកម្មផ្សេងៗ ដែលមានគោលដៅជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរស់នៅក្នុងប្រទេសទាំងនោះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងការបរទេសអាមេរិកបានបញ្ជាក់បន្ថែមទៀតថា Asia EDGE នឹងមិនត្រូវចាប់ផ្តើមឡើងពីចំណុចសូន្យនោះឡើយ ផ្ទុយទៅវិញ វានឹងត្រូវបង្កើតឡើងដោយឈរនៅលើគោលការណ៍មានស្រាប់មួយចំនួន ដូចជាគោលការណ៍របស់ APEC, ASEAN, East Asia Summit និងគំនិតផ្តួចផ្តើមមួយចំនួនទៀតរបស់សេតវិមាន ដូចជា Japan-U.S. Strategic Energy Partnership (JUSEP), U.S.-India Strategic Energy Partnership, Australia-U.S. Strategic Energy Partnership (AUSEP) ។
ទាក់ទងនឹងរឿងនេះ នៅក្នុងទីក្រុង សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែររស់នៅក្នុងសហភាពអឺរ៉ុបជាង ១,០០០ នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បើប្រទេសទាំងឡាយណាមិនចង់អោយប្រទេសចិនមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជា បណ្តាប្រទេសទាំងនោះគួរគាប់បីធ្វើការវិនិយោគអោយបានច្រើនជាងវិនិយោគចិននៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាម៉ិញ ចំពោះសម្តេចផ្ទាល់ ការរិះគន់ពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា គឺគ្រាន់តែជាទំនាស់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងឡាយ ដែលតែងតែចង់អោយឥទ្ធិពលរបស់ខ្លួនគ្រប់ដណ្តប់នៅលើតំបន់ភូមិសាស្ត្រនយោបាយនានា អោយបានកាន់តែធំទូលំទូលាយកាន់តែល្អ។
មួយវិញទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ថា ចិនកំពុងប្រើល្បិច «អន្ទាក់បំណុល» ដោយផ្តល់នូវប្រាក់កំចីយ៉ាងច្រើនលើសលប់ដល់ប្រទេសកម្ពុជា ដើម្បីធ្វើអោយកម្ពុជាជំពាក់បំណុលវ័ណ្ឌកគ្មានប្រាក់សង ដែលជាប្រការអាចធ្វើអោយប្រទេសចិនអាចដាក់អាណានិគមលើប្រទេសកម្ពុជាបាននោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនខ្ចីប្រាក់តែពីប្រទេសចិននោះទេ កម្ពុជាក៏បាននិងកំពុងខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភវឌ្ឍន៍ផ្សេងៗទៀតជាច្រើនផងដែរ។
សរុបមក អត្រាបំណុលរបស់កម្ពុជាបច្ចុប្បន្ន មានត្រឹមប្រមាណជា ២១ ភាគរយតែប៉ុណ្ណោះ ធៀបទៅនឹងផលិតផលក្នុងស្រុកសរុប ខណៈដែលច្បាប់របស់កម្ពុជាអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីប្រាក់ពីបរទេស រហូតដល់ទៅ ៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុបឯណោះ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកបានគិតគូរយ៉ាងល្អិតល្អន់ មុននឹងខ្ចីប្រាក់ពីភាគីណាមួយ ពោលរដ្ឋាភិបាលរបស់លោកខ្ចីប្រាក់តែពីភាគីណាដែលផ្តល់អត្រាការប្រាក់ទាបជាងគេតែប៉ុណ្ណោះ។
ទាក់ទងនឹងកំចីពីប្រទេសចិន លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា នៅពេលបច្ចុប្បន្ននេះ មានតែប្រទេសចិនមួយប៉ុណ្ណោះដែលហ៊ានផ្តល់កំចីអោយប្រទេសកម្ពុជាច្រើនជាងគេ ហើយរដ្ឋាភិបាលរបស់លោកគ្មានជំរើសណាក្រៅពីប្រទេសចិនឡើយ ព្រោះកម្ពុជាត្រូវការប្រាក់ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។ តែបើប្រទេសផ្សេងទៀត អាចផ្តល់ប្រាក់កំចីយ៉ាងច្រើនដូចជាប្រទេសចិនដែរនោះ រដ្ឋាភិបាលរបស់លោកនឹងមិនរុញរាក្នុងការខ្ចីប្រាក់ពីប្រទេសនោះឡើយ៕
 
 
 
No comments:
Post a Comment