
ដោយៈ ទិន សុខាវុធ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អ្នកសារព័តមានថា សាលាឧទ្ធរណ៍ចំនួន ៣ ថ្មីទៀត នឹងត្រូវសាង់សង់រួចរាល់នៅឆ្នាំក្រោយនេះ នៅក្នុងខេត្តចំនួនបីគឺ៖ ត្បូងឃ្មុំ បាត់ដំបង និង ព្រះសីហនុ។
ព័ត៌មាននេះ ត្រូវបានលោក ជិន ម៉ាលីន ទំលាយប្រាប់បណ្តាអ្នកកាសែតទាំងឡាយ នៅក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍មួយ ដែលបានប្រព្រឹត្តឡើងនៅទីស្តីការគណរដ្ឋមន្ត្រី កាលពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ នេះ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្ន បណ្តាសាលាឧទ្ធរណ៍ទាំងនោះត្រូវបានសាងសង់រួចរាល់បានប្រហែលជា ៨០% ហើយ។ លើសពីនេះទៀត រាជរដ្ឋាភិបាលរបស់លោក ក៏កំពុងសាងសង់សាលាដំបូងមួយនៅក្នុងខេត្តកែបផងដែរ ដោយហេតុថា សព្វថ្ងៃនេះខេត្តកែបមិនទាន់មានសាលាដំបូងរបស់ខេត្តផ្ទាល់នៅឡើយទេ ហើយរឿងក្តីទាំងឡាយត្រូវបានបញ្ជូនអោយទៅដោះស្រាយនៅឯសាលាដំបូងរបស់ខេត្តកំពតឯណោះវិញ។ មួយវិញទៀត សាលាដំបូងរបស់ខេត្តកែប ក៏នឹងត្រូវសង់រួចនៅឆ្នាំក្រោយនេះដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះ គឺសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ដែលនៅក្នុងនោះ គ្រប់បណ្តឹងតវ៉ានៅតាមខេត្តក្រុងទាំង ២៥ ត្រូវបានបញ្ជូនមកសំរាប់បើកការជំនុំជំរះ៕
No comments:
Post a Comment