
ភ្នំពេញ: ឆ្លើយតបទៅនឹងការផ្សាយ របស់វិទ្យុ VOA ដែលមានចំណងជើងថា " គណបក្សប្រជាជនកម្ពុជា អាចនឹងចាញ់ឆ្នោត នាពេលខាងមុខ" ត្រូវបានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ធ្វើការបដិសេធចោលទាំងស្រុង គឺជាការបកស្រាយបំភ្លៃ ន័យដើម និងបំពុលបរិយាកាស នយោបាយកម្ពុជា ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងក្រសួងបរិស្ថាន បានចេញសេចក្តីថ្លែងការណ៍ពីរ ដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែមានខ្លឹមសារតែមួយ ដោយធ្វើការបដិសេធ ទាំងស្រុង លើខ្លឹមសារអត្ថបទ ដែលវិទ្យុសំឡេង សហរដ្ឋអាមេរិក (VOA) បានផ្សាយអត្ថបទរបស់ខ្លួន កាលពីយប់ថ្ងៃទី២២ ខែធ្នូ មានចំណងជើងថា ៖ គណបក្សប្រជាជនកម្ពុជា អាចនឹងចាញ់ឆ្នោត នាពេលខាងមុខ។
បើតាមសេចក្តីថ្លែងការណ៍ របស់លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ឆ្លើយតបទៅនឹងការផ្សាយ របស់វិទ្យុ VOA ដែលបានផ្សាយ កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ថា លោកប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ របសក្រសួងបរិស្ថានថា ៖ គណបក្សប្រជាជនកម្ពុជា អាចនឹងចាញ់ឆ្នោត នាពេលខាងមុខ។
លោកប៊ិន ឈិន បានមានប្រសាសន៍ថា ការផ្សាយរបស់វិទ្យុ VOA គឺជាការផ្សាយបំផ្លើសខុស ពីការពិត ក្នុងចេតនាទុច្ចរិត បំពុលបរិយាកាស នយោបាយកម្ពុជា ដែលកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។ ការលើកឡើងរបស់ខ្ញុំ ក្នុងអង្គសន្និបាតនេះ គឺក្នុងគោលបំណង អប់រំមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង ធ្វើការបម្រើប្រជាជន ដោយស្មោះត្រង់ ដើម្បីឈានទៅដណ្តើមជ័យជម្នះ កាន់តែធំធេងបន្ថែមទៀត ក្នុងពេលបោះឆ្នោត នាពេលខាងមុខ មិនមែនដូចអ្វី ដែលវិទ្យុ VOA បានផ្សាយនោះទេ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើង ក្នុងរបាយការណ៍បន្តថា "ការផ្សាយនេះ បានធ្វើឲ្យប៉ះពាល់ កិត្តិយសខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា គណបក្សប្រជាជនកម្ពុជា។ ប្រការនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា វិទ្យុ VOA គឺជាវិទ្យុដែលគ្មានវិជ្ជាជីវៈ សារព័ត៌មាន អព្យាក្រឹត្យ ដែលគួរឲ្យគោរពនោះទេ សូម្បីតែលោក ដូណាល់ ត្រាំ អនាគតប្រធានាធិបតីអាមេរិក ក៏មិនទុកចិត្តលើប្រព័ន្ធឃោសនា របស់វិទ្យុអាមេរិក ខ្លួនឯងផង ដោយសារតែការផ្សាយ មានការបំភ្លៃការពិត និងមានឧបាយកល ស្មោកគ្រោកជាទីបំផុត"។
ចំណែកក្រសួងបរិស្ថាន ក៏បានសេចក្តីប្រកាសព័ត៌មាន ក្នុងថ្ងៃទី២៣ ធ្នូ ផងដែរ សូមបដិសេធទាំងស្រុង លើរាល់ខ្លឹមសារ ដែលវិទ្យុសំឡេង សហរដ្ឋអាមេរិក VOA បានផ្សាយអត្ថបទរបស់ខ្លួន មានចំណងជើងថា "មន្ត្រីជាន់ខ្ពស់ គណបក្សកាន់អំណាច ព្រមានអំពីលទ្ធភាពចាញ់ឆ្នោត បើមន្ត្រីបក្ស ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ" កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
ក្រសួងបរិស្ថាន សូមថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះវិទ្យុសំឡេង សហរដ្ឋអាមេរិក ដែលបានបំភ្លៃព័ត៌មាន ខុសពីការពិតទាំងស្រុង ក្នុងចេតនាទុច្ចរិត បំពុលបរិយាកាស នយោបាយនៅកម្ពុជា ដែលកំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ។
ជាក់ស្តែង នៅក្នុងពិធីបើក "សន្និបាតបូកសរុប លទ្ធផលការងារ បរិស្ថានឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧" កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានក្រើនរំឮក មន្ត្រីរាជការទាំងអស់ ឱ្យខិតខំប្រឹងប្រែង បំពេញការងារ បម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនដោយស្មោះត្រង់។ អ្វីដែលវិទ្យុសំឡេង សហរដ្ឋអាមេរិក បានផ្សាយនេះ គឺជាការបកស្រាយបំភ្លៃ ន័យដើម ដើម្បីបម្រើនិន្នាការ នយោបាយផ្ទាល់ខ្លួន ដែលនេះ ជាការប្រាសចាក ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ទាំងស្រុង៕
 
 CEN
ដោយ: ដាវុធ
 
 
 
No comments:
Post a Comment