
បន្ថែមពីការប្រើពាក្យអសុរោះ និងប្រមាថទៅលើមន្ត្រីអង្គការសហប្រជាជាតិនោះ ស្រាប់តែលេចឡើងនូវពាក្យសម្តីកាន់តែធ្ងន់ធ្ងរទៅៗរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលបានប្រើដើម្បីវាយប្រហារទៅកាន់អង្គការសហប្រជាជាតិ។ នោះគឺលោកប្រធានាធិបតី បានគំរាម«ដុតកម្ទេចស្នាក់ការអង្គការសហប្រជាជាតិ»ដើម្បីតបនឹងការរិះគន់ប្រតិបត្តការគ្រឿងញៀនរបស់លោក ។
«អ្នកទៅ ហើយដាក់បណ្តឹងទៅកាន់អង្គការសហប្រជាជាតិចុះ។ ហើយខ្ញុំ នឹងដុតកម្ទេចអង្គការសហប្រជាជាតិ ប្រសិនបើអ្នកចង់។ ខ្ញុំ នឹងដុតកម្ទេចវា(ទីស្នាក់ការអង្គការសហប្រជាជាតិ) ប្រសិនបើខ្ញុំទៅអាមេរិក»។ នេះគឺជាសេចក្តីថ្លែងការណ៍របស់លោក Duterte ប្រតិកម្មទៅនឹងការរិះគន់របស់មន្ត្រីអង្គការសហប្រជាជាតិលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលលោក បានថ្លែងនៅក្នុងបន្ទាយទាហានភាគខាងត្បូងនៃក្រុង Zamboanga និងដកស្រង់សម្តីដោយសារព័ត៌មាន New York Times។
សូមរម្លឹកផងដែរថា លោកប្រធានាធិបតី Rodrigo Duterte នៅថ្ងៃទី២២ ធ្នូ កន្លងទៅ ក៏បានហៅឧត្តមស្នងការអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein ថា«ឆ្កួត និងដូចតារាកំប្លែង»។ ការហៅជាមួយនឹងភាសាអសុរោះនេះ ធ្វើឡើងបន្ទាប់ ប្រមុខសិទ្ធិមនុស្សអង្គការ សហប្រជាជាតិរូបនេះ បានទទូចឲ្យតុលាការហ្វីលីពីនបើកការស៊ើបអង្កេតលើករណីឃាតកម្មតាមការសារភាពរបស់លោកប្រធានាធិបតី ដោយខ្លួនឯងផ្ទាល់នោះ។
នាកម្មវិធីដែលផ្សាយផ្ទាល់តាមទូរទស្សន៍នោះ លោក Duterte បាននិយាយយ៉ាងដូច្នេះថា៖«បុរសនោះ(Zeid) គឺជាពិតជាឆ្កួត និងដូចជាតារាកំប្លែង។ អ្នកជាមន្ត្រីអង្គការសហប្រជាជាតិ ដែលយើងបានផ្តល់ប្រាក់ខែឲ្យ(វិភាគទានរបស់អង្គការសហប្រជាជាតិ)។ អ្នកមិនត្រូវប្រាប់ខ្ញុំ ថាត្រូវធ្វើអ្វីនោះទេ។ អ្នកពិតជាឆ្កួតមែន។ អ្នកណាឲ្យសិទ្ធិអ្នកនិយាយបែបនេះ?» នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters។
សូមជម្រាបផងដែរថា នៅថ្ងៃទី២០ ធ្នូ កន្លងទៅ ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein បានទទូចឲ្យតុលាការហ្វីលីពីនបើក និងដំណើរការការស៊ើបអង្កេតមួយលើករណីរបស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលបានសារភាពថា លោកធ្លាប់សម្លាប់ជនសង្ស័យដោយខ្លួនឯងផ្ទាល់នោះ។
តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួននោះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Zeid Ra'ad Al Hussein បានចាត់ទុកសកម្មភាពរបស់លោកប្រធានាធិបតី Duterte ថា បានបំពាននឹងច្បាប់អន្តរជាតិហើយ។ ប្រមុខសិទ្ធិមនុស្សរូបនេះ ថែមទាំងសង្កត់ធ្ងន់ថា៖«តុលាការហ្វីលីពីន ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីជាការអនុវត្តនីតិរដ្ឋ និងឯករាជ្យភាពរបស់ខ្លួនពីអង្គការនីតិបញ្ញត្តិតាមរយៈការបើកការស៊ើបអង្កេតវែកមុខឃាតករ»។
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនោះថែមទាំងនិយាយទៀតថា៖«ការសម្លាប់ដែលប្រព្រឹត្តដោយលោក Duteter ដោយត្រូវបានសារភាពដោយខ្លួនលោកផ្ទាល់ ក្នុងពេលដែលលោក ធ្វើជាអភិបាលក្រុង បានបញ្ជាក់យ៉ាងច្បាស់ហើយថាលោក អាចចាត់ទុកថាជាឃាតករ»។
ការឈានដល់ការប្រើប្រាស់ពាក្យធ្ងន់ៗរវាងអង្គការសហប្រជាជាតិ និងប្រធានាធិបតីហ្វីលីពីន ដែលគេស្គាល់ថាជាមេដឹកនាំមាត់ឥតគម្របរូបនេះ ផ្ទុះឡើងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី បានសារភាពថាលោក ពិតជាធ្លាប់បានសម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនក្នុងពេលលោក ធ្វើជាអភិបាលក្រុង។
នៅថ្ងៃទី១៤ ធ្នូកន្លងទៅ ថ្លែងនៅចំមុខក្រុមអ្នកជំនួញក្នុងវិមានប្រធានាធិបតី លោក រ៉ូឌ្រីហ្គូ ឌើទើតេ (Rodrigo Duterte) បាននិយាយថា លោក បានសម្លាប់ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនដោយផ្ទាល់ នៅពេលដែលលោក ធ្វើជាអភិបាលក្រុងដាវ៉ាវនោះ។ លោក បានសង្កត់ធ្ងន់ថា៖« ខ្ញុំ បានធ្វើជុំវិញក្រុងដាវ៉ាវតាមរយៈម៉ូតូ ហើយ ខ្ញុំ ក៏ឆ្លៀតល្បាតតាមដងផ្លូវ និងព្យាយាមស្វែងរកកន្លែងដែលមានបញ្ហា។ ពេលនោះ ខ្ញុំ ចង់ស្វែងរកអ្នកចង់តដៃដើម្បីសម្លាប់ណាស់។» លោកនិយាយបែបដើម្បីលើកទឹកចិត្តប៉ូលិសកុំឲ្យមានការភ័យខ្លាចក្នុងការអនុវត្តការបញ្ជារបស់លោក្នុងការបោសសម្អាតជនល្មើសគ្រឿងញៀន៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
 
 
 
No comments:
Post a Comment