
ភ្នំពេញ: រាត្រីថ្ងៃទី២១ និង២៣ ខែធ្នូ សកម្មភាពចាក់បញ្ចាំង ភាពយន្តចល័ត “ដំណើរភាពយន្តចិន-ខ្មែរជុំវិញបឹងទន្លេសាប” បានប្រព្រឹត្តទៅដោយជោគជ័យនៅតាម ទីតាំងពីរកន្លែងក្នុងខេត្តសៀមរាបគឺឃុំកំពង់ក្ដី និងក្រុងសៀមរាប។ លោក ជា មុនី អភិបាលរងស្រុកជីក្រែង ខេត្តសៀមរាបបានចូលរួមសហការយ៉ាងសកម្មក្នុងសកម្មភាពចាក់បញ្ចាំងភាពយន្តចល័តនៅក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាបនេះ។ នៅទីតាំងទាំងពីរកន្លែងនេះមានប្រជាពលរដ្ឋសរុបជាង ៣២០០នាក់បានមកទស្សនាភាពយន្តចិនរឿង«អ្នកប្រយុទ្ធលើវាលស្មៅ»(Wolf Totem) «ស្នាមញញឹមអង្គរ» ព្រមទាំងភាពយន្តខ្មែររឿង«ដើមក្រសាំង» និងរឿង«បេះដូងរតនៈ»។
លោក ជា មុនី អភិបាលរងស្រុកជីក្រែង បានវាយតម្លៃខ្ពស់ចំពោះប្រទេសចិននិងកម្ពុជាថាមានមិត្តភាពជាប្រពៃណីយូរអង្វែង ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសកម្មភាពចាក់បញ្ចាំងភាពយន្តចល័តជុំវិញបឹងទន្លេសាបនៅក្នុងស្រុកជីក្រែងនេះ។ លោកមានប្រសាសន៍ថា ការចាក់បញ្ចាំងភាពយន្ត
ចល័តជុំវិញបឹងទន្លេសាបក្នុងស្រុកជីក្រែងបានបង្កើននូវជីវិតរីករាយក្រោយពីបានបំពេញការងាររបស់អ្នកស្រុក។ ស្របជាមួយគ្នានេះដែរក៏បានពង្រឹងនិងជុំរុញការផ្លាស់ប្ដូរវប្បធម៌រវាងប្រជាជនប្រទេសទាំងពីរថែមមួយកម្រិតទៀត។ លោកបានបន្ថែមទៀតថា ប្រទេសចិនបានផ្តល់នូវជំនួយជាច្រើនដល់កម្ពុជា ជួយកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ។ ផ្លូវជាតិលេខ៦ដែលកាត់តាមស្រុកជីក្រែងនេះគឺជាជំនួយសាងសង់ដោយក្រុមហ៊ុនចិន។
កញ្ញា រតនា អ្នកកំពុងទស្សនាការចាក់បញ្ចាំភាពយន្តចល័តនៅក្នុងក្រុងសៀមរាបនិយាយថា នាងមានអារម្មណ៍សប្បាយខ្លាំងណាស់ ដែលបានឃើញនូវភាពយន្តចិនដ៏ល្អនេះ។ ជាពិសេស រឿង «ស្នាមញញឹមអង្គរ» ដែលបានជ្រើសរើសយកក្រុងសៀមរាប ដើម្បីបញ្ចាំងតាំងពីដើមរហូតដល់ចប់គឺពិតជាធ្វើឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ ហើយក៏ទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនមកកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតការចាក់បញ្ចាំងភាពយន្តចល័តនេះនឹងធ្វើឱ្យប្រជាជនកម្ពុជានិងចិនកាន់តែមានចំណងមិត្តភាពជាប្រពៃណីថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា សកម្មភាពចាក់បញ្ចាំងភាពយន្តចល័ត “ដំណើរភាពយន្តចិន-ខ្មែរជុំវិញបឹងទន្លេសាប” សហការរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ការចាក់បញ្ចាំងភាពយន្តចិន-ខ្មែរដ៏ល្អឆើតឆាយ ធ្វើឡើងនៅតាមបណ្ដារាជធានី ខេត្តចំនួន៨ជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជាគឺរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធីសាត់ ខេត្តកំពង់ឆ្នាំង៕
CEN
ដោយ: CEN
No comments:
Post a Comment