
ព្រះសីហនុ: បច្ចុប្បន្ន អាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ មានលទ្ធភាពទទួលអ្នកដំណើរប្រមាណ ១៥ម៉ឺននាក់ ក្នុងមួយឆ្នាំ ហើយបន្ទាប់ពីការពង្រីកស្ថានីយ៍អ្នកដំណើររួច អាកាសយានដ្ឋាននេះ នឹងអាចទទួលអ្នកដំណើរបានរហូតដល់ជាង ៥០ម៉ឺននាក់។ យើងពិតជាមានមោទនភាពជាមួយនឹងការកើននៃចំនួនទេសចរណ៍នេះ ព្រោះថាគ្មានភាពចាំបាច់ក្នុងការសាងសង់ពង្រីកបន្ថែមស្ថានីយ៍អ្នកដំណើរនេះទេ ប្រសិនបើគ្មានកំណើនទេសចរណ៍យ៉ាងខ្លាំងក្លាដូចនេះទេ។
ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើវិស័យទេសចរណ៍ ជាពិសេសបង្ហាញនូវការធានាបានសុខសន្តិភាពលើពេញផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកស្រីអាន្នី សុខ អាន រួមជាមួយតំណាងក្រុមហ៊ុនអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ហើយនិងប្រជាពលរដ្ឋ បានចូលរួមក្នុងបរិយាកាសរីករាយ ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុសម្រាប់អ្នកដំណើរ។
លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្បទានព្រលានយន្តហោះកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទាំង៣ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល និងវិស័យទេសចរណ៍ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងាររៀងៗខ្លួន ក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ជាពិសេសកិច្ចសហការ និងការសម្របសម្រួលដល់គម្រោងពង្រីកស្ថានីយ៍អ្នកដំណើរនៃអាកាសយានដ្ឋាននេះ ដែលនឹងជួយសម្រួលដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសដែលយើងរំពឹងថា នឹងមានកំណើនខ្លាំងនាពេលអនាគត។
សម្រាប់កម្ពុជា វិស័យអាកាសចរស៊ីវិលក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៃវិស័យជាច្រើន ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងទេសចរណ៍។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាបានទទួលអ្នកដំណើរសរុបរហូតដល់ប្រមាណ ៦,៥លាននាក់ គឺមានការកើនឡើងជាង ៣០០% បើប្រៀបធៀបនឹងឆ្នាំ២០០៥ ដែលមានចំនួនតែ ២,១លាននាក់ ជាកំណើនមួយដ៏ខ្ពស់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ី។
ជាការពិត ឧស្សាហកម្មអាកាសចរណ៍មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលូតលាស់សេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ ជាង៥០%នៃភ្ញៀវទេសចរមកទស្សនាកម្ពុជា ធ្វើដំណើរតាមផ្លូវអាកាស ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវតួនាទីស្នូលរបស់វិស័យអាកាសចរណ៍ស៊ីវិល សម្រាប់ទ្រទ្រង់ការអភិវឌ្ឍនៃវិស័យទេសចរណ៍ ដែលបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ កាលពីឆ្នាំ២០១៥ នៅពេលដែលមានភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាប្រមាណ ៤,៧លាននាក់ វិស័យទេសចរណ៍ រួមចំណែករហូតដល់ប្រមាណជា ១៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារដោយផ្ទាល់និងដោយប្រយោលជូនប្រជាជនរាប់សិបពាន់នាក់។ តាមការព្យាករណ៍ ចំនួនទេសចរបរទេសនឹងកើនឡើងដល់ប្រមាណ ៧ទៅ៨លាននាក់ នៅឆ្នាំ២០២០៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment