
ភ្នំពេញ៖ គ.ជ.ប បានរកឃើញឈ្មោះស្ទួនជិត ២ម៉ឺនករណី ក្នុងបញ្ជីបោះឆ្នោតថ្មី។ អ្នក ដែលមានឈ្មោះចំនួនពីរ ក្នុងបញ្ជីបោះឆ្នោត នឹងត្រូវគ.ជ.ប លុបចោលមួយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា បញ្ជីបោះឆ្នោតថ្មី មានឈ្មោះស្ទួនជិត២ម៉ឺនករណី។ ភាគច្រើននៃឈ្មោះស្ទួនទាំងនោះ គឺដោយសារតែមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ ផ្ញើឲ្យគ.ជ.ប ចំនួនច្រើនដង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប បកស្រាយថា មន្ត្រីតាមឃុំ-សង្កាត់ បានផ្ញើបញ្ជីឈ្មោះបោះឆ្នោតតែមួយ ទៅកាន់គ.ជ.ប តាមសារអេឡិចត្រូនិច លើសពីម្តង។ លោក បន្ថែមថា មូលហេតុ ដែលមន្ត្រីចុះឈ្មោះបោះឆ្នោត ផ្ញើបញ្ជីឈ្មោះតែមួយ ទៅឲ្យគ.ជ.ប ច្រើនដងបែបនេះ គឺដោយសារតែពួកគេ ព្រួយបារម្ភថា ការផ្ញើលើកទីមួយ អាចនឹងមិនទៅដល់គ.ជ.ប។ បើតាមអ្នកនាំពាក្យរបស់គ.ជ.ប នេះ ជាមូលហេតុចម្បង ដែលគ.ជ.ប ទទួលបានបញ្ជីឈ្មោះតែមួយ ចំនួនពីរដង ឬបីដង ក៏មាន ពីមន្ត្រីចុះឈ្មោះបោះឆ្នោតទាំងនោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ដូច្នេះថា៖«អិនធើណិត ដើរយឺត នៅក្នុងតំបន់ខ្លះ ដែលដាច់ស្រយាល។ អ៊ីចឹងពួកគាត់ (មន្ត្រីចុះឈ្មោះបោះឆ្នោត) ផ្ញើទិន្នន័យឲ្យគ.ជ.ប តាមសារអេឡិចត្រូនិចហ្នឹង លើសពីម្តង ព្រោះពួកគាត់ខ្លាចថា ផ្ញើលើកទីមួយ មិនទាន់មកដល់គ.ជ.ប ទើបពួកគាត់ ផ្ញើមកម្តងទៀត។ អ៊ីចឹងហើយ ទើបយើងទទួលបានបញ្ជីឈ្មោះដដែល ចំនួន២ដង ឬ៣ដង ឯណោះ»។
លោក ហង្ស ពុទ្ធ ប្រាប់ពីមូលហេតុផ្សេងថា ពលរដ្ឋខ្លះ មានចេតនាមិនល្អតែម្តង ដោយពួកគេទៅចុះឈ្មោះបោះឆ្នោត ចំនួនពីរដង។ លោក អះអាងទៀតថា នៅពេលចុះឈ្មោះបោះឆ្នោតក្នុងការិយល័យ ដែលស្ថិតក្នុងទីលំនៅដ្ឋានរបស់ខ្លួនរួចហើយ ពលរដ្ឋទាំងនោះ ក៏ឆ្លៀតទៅចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យដទៃទៀត។
ចំណែកឯ ពលរដ្ឋមួយចំនួនទៀត មានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រភេទចាស់ផង និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរប្រភេទថ្មីផង ដូច្នេះពួកគេ ក៏ទៅចុះឈ្មោះបោះឆ្នោតចំនួនពីរដង។ នេះជាការបន្ថែមរបស់លោក ហង្ស ពុទ្ធា ដដែល។
ទោះបីជាឈ្មោះស្ទួនមានចំនួនច្រើនបែបនេះក៏ពិតមែន តែលោក ហង្ស ពុទ្ធា នៅតែអះអាងថា មិនប៉ះពាល់ដល់បញ្ជីឈ្មោះបោះឆ្នោតទាំងមូលឡើយ។ លោកសង្កត់ធ្ងន់ថា គ.ជ.ប អាចគ្រប់គ្រង់បញ្ហាទាំងនោះបាន ហើយក៏កំពុងដោះស្រាយផងដែរ។
អ្នកនាំពាក្យរបស់គ.ជ.ប ខាងលើ បានបញ្ជាក់ថា ក្រោយការចុះឈ្មោះបោះឆ្នោត ត្រូវបានបញ្ចប់ គ.ជ.ប នឹងបិទឈ្មោះស្ទួនទាំងនោះ ជាសាធារណៈ។
ជុំវិញបញ្ហាខាងលើ លោក សម សុគន្ធាមី ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (និកហ្វិច) ហាក់ដូចជាមិនសូវព្រួយបារម្ភចំពោះឈ្មោះស្ទួននេះទេ។ លោក បកស្រាយថា ទោះបីជាពលរដ្ឋខ្លះ ទៅចុះឈ្មោះបោះឆ្នោត ចំនួនពីរដងពិតមែន តែគ.ជ.ប នៅតែដឹងដដែល នៅពេលមន្ត្រីចុះឈ្មោះបោះឆ្នោត បញ្ជូននិន្នន័យទាំងនោះ ទៅកាន់គ.ជ.ប។
លោក សម សុគន្ធាមី បានចាត់ទុកថា នេះ ជាបញ្ហានីតិវិធី និងកំហុសតិចតួចរបស់មន្ត្រីចុះឈ្មោះបោះឆ្នោត ដែលមិនសួរព័ត៌មានរបស់អ្នកចុះឈ្មោះបោះឆ្នោត ឲ្យបានច្បាស់លាស់ រហូតបណ្តោយឲ្យពួកគេ ចុះឈ្មោះបោះឆ្នោត បានពីរលើក។ អ្នកជំនាញខាងការបោះឆ្នោតរូបនេះ បញ្ជាក់ដូច្នេះថា៖«ពេលចុះឈ្មោះបោះឆ្នោតចប់ គ.ជ.ប បិទឈ្មោះស្ទួនហ្នឹងហើយ។ អ្នក ដែលមានឈ្មោះពីរ គ.ជ.ប នឹងលុបចោល ហើយទុកតែមួយទេ។ តែបើមិនលុបទេ ប្រាកដជាមានបញ្ហាដល់បញ្ជីឈ្មោះបោះឆ្នោតថ្មី ជាមិនខាន»។
សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៧លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ ដោយឡែក ប្រជាពលរដ្ឋ ជាង២លាននាក់ទៀត ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនទាន់ចុះឈ្មោះបោះឆ្នោត នៅឡើយទេ៕
ថ្មីៗ
អត្ថបទ : ម៉ៅ សុផា
No comments:
Post a Comment