
ភ្នំពេញ: កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រី នៃប្រទេស កម្ពុជា-ឡាវ-វៀតណាម (CLV SOM) លើកទី១២ ស្តីពីការរៀបចំតំបន់ ត្រីកោណអភិវឌ្ឍន៍ (DTA) ក្រោមការចូលរួម ជាគណៈអធិបតីភាពពី លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជា, លោក ថុងផានី សុវណ្ណភិត អនុរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងលោក ង្វៀង ថេហ្វឿង អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម នៅសណ្ឋាគារ អប្សរា ផាឡេស កាលពីរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅក្នុងកិច្ចប្រជុំ ឧត្តមមន្ត្រី និងប្រតិភូ នៃប្រទេសទាំងបី បានពិនិត្យឡើងវិញ នូវកិច្ចសហការ រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម និងបានពិភាក្សា ពីការដាក់ចេញ នូវរបៀបវារៈ សម្រាប់កិច្ចប្រជុំកំពូល CLV DTA លើកទី ៩, ការរៀបចំអាជីវកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគិន និងការអនុវត្តលទ្ធផល នៃកិច្ចប្រជុំកំពូលលើកទី ៨ ព្រមទាំងកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលចម្រុះ (JCC) លើកទី ១០ ដែលបានធ្វើឡើង នៅប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៤។
ឧត្តមមន្ត្រីទាំងបី ក៏បានពិភាក្សាពី ការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីកិច្ចសម្របសម្រួល និងជំរុញពាណិជ្ជកម្ម សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍, ការចងក្រង របាយការណ៍ពង្រាង ស្តីពីផែនការសកម្មភាព ដើម្បីតភ្ជាប់សេដ្ឋកិច្ច ប្រទេសកម្ពុជា ឡាវ និងវៀតណាម រហូតដល់ឆ្នាំ ២០៣០ ព្រមទាំងរបាយការណ៍ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ ឧស្សាហកម្មកៅស៊ូ និងជំរុញទេសចរណ៍ នៅក្នុងតំបន់ត្រីកោណ និងការបញ្ជូនបញ្ជី គម្រោងអាទិភាពទាំង ៥ ដែលស្នើឡើង ដោយប្រទេសទាំងបី ដើម្បីដាក់ជូន កិច្ចប្រជុំកំពូល CLV លើកទី ១០ ដែលគ្រោងធ្វើឡើង នៅចុងឆ្នាំ ២០១៨ នៅក្នុងប្រទេសវៀតណាម។
លើសពីនេះ កិច្ចប្រជុំ ក៏បានធ្វើការរំលេច ពីការគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍ ជាពិសេស ប្រទេសជប៉ុន និងធនាគារអភិវឌ្ឍអាស៊ី (ADB) មកលើតំបន់ត្រីកោណ នាពេលកន្លងមក និងវឌ្ឍនភាព នៃការកែប្រែផែនការមេ ស្តីពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ប្រទេស CLV សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ ២០២០ ផងដែរ។
សូមបញ្ជាក់ថា លទ្ធផលនៃ កិច្ចប្រជុំឧត្តមមន្ត្រី (CLV SOM) ថ្ងៃនេះ នឹងត្រូវដាក់ជូន នៅក្នុងកិច្ចប្រជុំ គណៈកម្មការសម្របសម្រួលចម្រុះ លើកទី ១១ ដែលគ្រោងនឹងធ្វើឡើង នៅរសៀលថ្ងៃស្អែក ក្រោមវត្តមានពីរដ្ឋមន្ត្រី នៃប្រទេសទាំងបី៕
CEN
ដោយ: ដាវុធ
 
 
 
No comments:
Post a Comment