Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

អតីតអភិបាលខេត្តតាកែវ ត្រូវ​ជាប់​ទោស​ពី​បទ​មនុស្សឃាដ



ដោយៈ ទិន សុខាវុធ

លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ ត្រូវ​​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​សាលក្រម​សំរេច​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ ឆ្នាំ ចំណែក​ឯក​លោក ឡាយ ណារិទ្ធ អតីត​ស្នងការរង​ខេត្ត​តាកែវ ដែល​ត្រូវ​ជា​បង​ប្រុស​របស់​លោក ឡាយ វណ្ណៈ ក៏​ត្រូវបាន​តុលាការ​សំរេច​អោយ​​​ជាប់​ពន្ធនាគារ​រយៈពេល​ ១០ ឆ្នាំ ក្នុង​អំពើ​ឃាដកម្ម​លើ​ស្ត្រី​ម្នាក់​។

លើស​ពី​នេះ​ទៀត យោង​តាម​សាលក្រម​របស់​តុលាការ​ចេញ​នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ដែល​ជា​គ្នីគ្នា​របស់​លោក ឡាយ វណ្ណៈ ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​អោយ​ជាប់​ពន្ធនាគារ ២ ឆ្នាំ ម្នាក់​ពី​បទ​លាក់បាំង​តំរុយ​ក្នុង​អំពើ​ឃាដកម្មនេះ​។

ក៏ប៉ុន្តែ តុលាការ​មិន​បាន​បង្គាប់អោយ​អ្នកទាំង ៤ បង់​ប្រាក់​នោះទេ ព្រោះ​ដើម​បណ្តឹង​ពុំ​បាន​ប្តឹង​ទារ​សំណងពីជន​ជាប់​ទោស​ទាំងនោះ​​​ឡើយ​។​ នេះ​បើ​យោង​តាម​លោក​ ធុយ សុគន្ធ ដែល​ជា​មេធាវី​ការពារ​ក្តី​អោយ​លោក ឡាយ វណ្ណៈ ដែល​បាន​ប្រាប់​ដល់​កាសែត​ក្នុង​ស្រុក​មួយ​។

ជន​រង​គ្រោះ​​មាន​ឈ្មោះ​ថា ចេវ សុវឌ្ឍនា ត្រូវ​បាន​គេ​អះអាង​ជា​ស្រី​កំណាន់​របស់​លោក ឡាយ វណ្ណៈ និង​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់ ដោយ​ស្ថានភាព​ចងក​ក្នុង​ផ្ទះ​មួយ​ស្ថិត​ក្នុង​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពីខែ​មករា ឆ្នាំ ២០១៨ កន្លង​ទៅ​​។ ក៏ប៉ុន្តែ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ការស្លាប់របស់​ស្ត្រីរូប​​នោះ មិន​មែន​ជា​ការធ្វើ​អត្តឃាដ​នោះ​ទេ គឺ​ជា​អំពើ​ឃាដកម្ម។ បន្ទាប់​មក ជន​ជាប់​ទោស​ទាំង​៤ នាក់​ខាង​លើ​ត្រូវ​បាន​ចាប់ខ្លួន​៕

No comments:

Post a Comment