
ភ្នំពេញ៖ គណៈកម្មការរៀបចំព្រឹត្តិការ៍អង្គរសង្ក្រាន្ត នឹងរៀបចំកម្មវិធីប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប(MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) សម្រាប់អង្គរសង្គ្រានឆ្នាំ២០១៧។ កម្មវិធីនេះ ចាប់ផ្ដើមទទួលស្នាដៃនៅថ្ងៃទី០៨ ខែធ្នូ-ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។ ដោយឡែក បេក្ខជនជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ២លានរៀល លេខ២ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល និងលេខ៣ ទទួលបានថវិកាចំនួន ៨០ម៉ឺនរៀល។
កម្មវិធីប្រកួតប្រជែងនេះ រៀបចំដោយគណៈកម្មការរៀបចំព្រឹត្តិការ៍អង្គរសង្ក្រាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីស្វែងរកអ្នកមានស្នាដៃលេចធ្លោ ដែលជានិមិត្តរូបនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧។ ម្យ៉ាងទៀត ឆ្នាំ២០១៧ ជាឆ្នាំទី៥ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ។
ជាមួយគ្នានេះ លក្ខខណ្ឌនៃការប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប (MASCOT) បេក្ខជនត្រូវគូររូបតួអង្គនិមិត្តរូបតាមរចនាបទខ្មែរដោយប្រើខ្មៅដៃពណ៌ ឬកុំព្យូទ័រ លើក្រដាសទំហំ A4 និងជំហរឈរនៃតួអង្គនិមិត្តរូប ត្រូវមានកម្ពស់ចន្លោះពី ១៥ សង់ទីម៉ែត្រ ទៅ ២០ សង់ទីម៉ែត្រ។ ចំពោះរូបតួអង្គនិមិត្តរូប ត្រូវបង្ហាញនូវថាមពល ភាពរវៀសរវៃ និងភាពក្រម៉ិចក្រមើម ហើយជាស្នាដៃសដើមដែលមិនចម្លងពីបុគ្គល ឬស្ថាប័នណាមួយឡើយ។
ម្យ៉ាងទៀត សម្រាប់លក្ខខណ្ឌនៃការប្រកួតប្រជែងតែងនិពន្ធពាក្យស្លោក (SLOGAN)គឺជាពាក្យស្លោកខ្លីហើយខ្លឹមមិនលើសពី ២០ ព្យាង្គ ជាខេមរៈភាសា ហើយមានភាពច្នៃប្រឌិត និងទាក់ទាញ។ ពាក្យស្លោក ត្រូវមានអត្ថន័យអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរំលេចតួនាទីយុវជនក្នុងការថែរក្សា អភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។ ជាពិសេសត្រូវភ្ជាប់មកជាមួយនូវអត្ថបទបកស្រាយអត្ថន័យពាក្យស្លោកផងដែរ។
សម្រាប់រយៈពេលទទួលស្នាដៃប្រកួតប្រជែង ចាប់ពីថ្ងៃទី០៨ ខែធ្នូដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៧ និងវគ្គជម្រុះយក១០ស្នាដៃ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។ សម្រាប់ការបោះឆ្នោតលើ ហ្វេសប៊ុក ផេក (Facebook page) «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត» ដើម្បីជ្រើសរើសជ័យលាភី ចាប់ពីថ្ងៃទី០៩-១៥ ខែមករា និងពិធីប្រគល់រង្វាន់ជូនបេក្ខជនជ័យលាភី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
ជាការកត់សម្គាល់ ចំពោះការប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប(MASCOT) និងតែងនិពន្ធពាក្យស្លោក (SLOGAN) ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២លានរៀល ជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ១លាន២០ម៉ឺនរៀល និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ៨០ម៉ឺនរៀល។ ស្នាដៃច្នៃប្រឌិត របស់បេក្ខជនជ័យលាភី នឹងត្រូវផ្សព្វផ្សាយជាសាធារណៈសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូល។

គួររម្លឹកផងដែរ សាធារណជន និងយុវជន ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ ដោយភ្ជាប់មកជាមួយ ឈ្មោះ លេខទូរសព្ទ និងមុខរបរបច្ចុប្បន្ន ផ្ញើទៅកាន់អ៊ីម៉ែល ឬស្នាក់ការកណ្ដាលស.ស.យ.ក ផ្លូវលេខ២២៨ ផ្ទះលេខ២៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមទូរសព្ទលេខ ០៩២ ២២៤ ៥៣៧/ ០១៥ ២៩ ៣៣ ៩៩៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
 
 
 
No comments:
Post a Comment