
ភ្នំពេញ៖ កីឡាករបាល់ទាត់ ហុងដា ខេសឺកិ (Keisuke Honda) របស់ក្រុមជម្រើសជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ AC Milan របស់អ៊ីតាលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញបេសកម្មរបស់ខ្លួនហើយ កាលពីល្ងាចថ្ងៃទី ២៤ ខែឆ្នូ ឆ្នាំ២០១៦នេះ តាមជើងជើងហោះហើរត្រង់ជាប្រចាំរវាងប្រទេសកម្ពុជានិងជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ ANA (All Nippon Airways Co., Ltd) ។
ក្រុមការងាររបស់កីឡាករ ហុងដា បានឲ្យដឹងថា លោក នឹងស្នាក់នៅប្រទេសកម្ពុជារយះពេល ៣ថ្ងៃ ដើម្បីបំពេញបេសកម្មរបស់លោកមួយចំនួនដូចជា៖ នៅថ្ងៃទី២៤ ខែធ្នូ បន្ទាប់ពីមកដល់រាជធានីភ្នំពេញ លោក ហុងដា បន្តធ្វើដំណើរទៅកំសាន្តនៅខេត្តសៀមរាប និងស្នាក់នៅទីនោះមួយយប់។ នៅថ្ងៃទី២៥ ខែធ្នូ លោកត្រលប់មកភ្នំពេញវិញ ហើយនៅពេលល្ងាច លោកនឹងទៅចូលរួមទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមសាលាបាល់ទាត់ជាតិ បាទី (U16 ជម្រើសជាតិ) និងក្រុមសៀមរាបអង្គ ដែលចាប់ផ្តើមនៅម៉ោង ៦៖៥០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ នៅថ្ងៃទី២៦ ខែធ្នូ លោក ហុងដា នឹងចូលជួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនៅពេលរសៀលចាប់ផ្ដើមកម្មវិធី Soccer Camp របស់លោកនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។
ចំពោះកម្មវិធី Soccer Camp អ្នករៀបចំកម្មវិធីបានឲ្យដឹងថា គឺចាប់ផ្ដើមនៅវេលាម៉ោង១៣និង០០នាទីរសៀល។ នៅម៉ោង១៤និង០០នាទីរសៀល Soccer Camp ចាប់ផ្ដើមដោយលោក ហុងដា ខេសឺកិ ដើរចូលទីលាន ហើយនៅ១៤និង១០នាទីរសៀល លោក ហុងដា ខេសឺកិ ឡើងថ្លែងសន្ទរកថា ខណៈម៉ោង១៤និង២០ នាទីរសៀលហ្វឹកហាត់ជំហានទី ១ កម្ដៅសាច់ដុំ (ចលនាបឋម)។ ចាប់ពីម៉ោង ១៤និង៤០ នាទីរសៀល ត្រូវហ្វឹកហាត់ជំហានទី ២ ការបណ្ដើរបាល់ ការបញ្ជូនបាល់អោយគ្នា និងការគ្រប់គ្រង់បាល់ ហើយ១៥និង០០នាទីរសៀលហ្វឹកហាត់ជំហានទី ៣ ការបំបែកជាក្រុមតូចៗ (ឧ. ១ vs ១, ៣ vs ៣, ល)។
ចូលដល់ម៉ោង១៥និង២០នាទីរសៀល ត្រូវហ្វឹកហាត់ជំហានទី ៤ ហ្គេម ហើយ២០នាទីបន្ទាប់ពោលគឺម៉ោង ១៥និង៤០ នាទីរសៀល កីឡាករ ហុងដា ចុះហត្ថលេខា និងម៉ោង១៦និង០០ នាទីរសៀល កម្មវិធី Soccer Camp ត្រូវបានបញ្ចប់។ ចំណែកម៉ោង១៧និង០០ នាទីរសៀលលោក Keisuke Honda ធ្វើសន្និសីទកាសែត និងបង្ហាញពីចក្ខុវិស័យរបស់គាត់សម្រាប់ប្រទេសកម្ពុជា។
ប្រវត្តិសង្ខេបរបស់ កីឡាករ ហុងដា ក្នុងអាជិពរបស់ខ្លួន
កីឡាករ ហុងដា ខេសឺកិ គឺជាកីឡាករដែលមានដើមកំណើតមកពីតំបន់ Settsu ក្នុងទីក្រុង Osaka ប្រទេសជប៉ុន។ បច្ចុប្បន្នលោកមានវ័យ ៣០ ឆ្នាំហើយ។ លោកបានចាប់ផ្ដើមប្រែក្លាយខ្លួនទៅជាកីឡាករបាល់ទាត់អាជីពនៅឆ្នាំ ២០០៥ ជាមួយក្លិប Naogya Grumpus ដែលជាក្លិបនៃលីគកំពូលជប៉ុន (J-League) ផ្ទាល់។
២ ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ ២០០៧ លោកបានធ្វើឲ្យក្តីសុបិន្តក្លាយជាការពិត ដោយបានចូលរួមជាមួយក្លិប VVV-Venlo នៅប្រទេសហូឡង់ និងបានក្លាយទៅជាប្រធានក្រុមនៅក្រុមនោះផងដែរ។ ក្នុងការរួមរស់ជាមួយក្លិប VVV-Venlo ខ្សែបម្រើប្រយុទ្ធរូបនេះបានទាត់បាល់បញ្ចូលទីបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៨ លើក។
រយៈពេល ២ ឆ្នាំក្រោយមក លោក ហុងដា បានធ្វើឲ្យក្តីសុបិន្តក្លាយជាការពិតទៀត ដោយត្រូវបានក្លិប CSKA Moskow របស់ប្រទេសរុស្សីចាប់អារម្មណ៍ និងបាននាំរូបគេទៅចូលរួមជាមួយក្លិប ដោយចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ រយៈពេល ៤ ឆ្នាំជាមួយក្លិប CSKA Moskow កីឡាករ ហុងដា បង្ហាញខ្លួនបាន ៩៤ ប្រកួតនិងទាត់បាល់បញ្ចូលទីបាន២០គ្រាប់។
ជាមួយក្តីសុបិន្តរបស់ខ្លួន ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ លោក ហុងដា បានកំពុងរួមរស់ជាមួយក្លិបប្រចាំលីគកំពូលរបស់អ៊ីតាលី គឺក្លិប AC Milan ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ។ គិតរហូតមកដល់បច្ចុប្បន្ននេះ លោក ហុងដា បានទាត់បាល់បញ្ចូលទីអោយ AC Milan ចំនួន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៨ លើក។
ងាកមកក្រុមជម្រើសជាតិវិញ ហុងដា ខេសឺកិ បានជាប់ជម្រើសជាតិជប៉ុនដំបូងនៅឆ្នាំ ២០០៨ និងនៅតែបន្តតំណាងអោយក្រុមជម្រើសជាតិជប៉ុន ធ្លាប់ជួយក្រុមជម្រើសជាតិខ្លួន ក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ២០១០ និង ២០១៤ ផងដែរ ជាពិសេសកីឡាករ ហុងដា ក៏ជាផ្នែកមួយដែលជួយអោយជម្រើសជាតិជប៉ុន ឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asain Cup 2011 លើកទី ៤ នៅប្រទេសកាតា។
ជាមួយក្រុមជម្រើសជាតិជប៉ុន លោក ហុងដា បានបង្ហាញខ្លួនបាន ចំនួន ៨២ ប្រកួត និងទាត់បាល់បញ្ចូលទី ៣៦ គ្រាប់។ កីឡាកររូបនេះ ក៏ធ្លាប់ទាត់បាល់បញ្ចូលទីក្រុមជម្រើសជាតិកម្ពុជាចំនួន ២ គ្រាប់ផងដែរ នៅក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup Qualification Round ប្រចាំទ្វីបអាស៊ី កាលពីឆ្នាំ ២០១៥ កន្លងទៅ។
លោក ហុងដា ខេសឺកិ គឺជា “អ្នកតស៊ូមតិពិភពលោកសំរាប់យុវជន”
លោក ហុងដា ខេសឺកិ ជាសមាជិកគណៈគ្រប់គ្រងក្រុមហ៊ុន Honda Estilo Ltd. ត្រូវបានតែងតាំងជា “អ្នកតស៊ូមតិពិភពលោកសំរាប់យុវជន” របស់ មូលនិធិអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ពីធីប្រកាសនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិតិ្តយសជាង១៥០នាក់ ដែលមកពីវិស័យផ្សេងៗគ្នា រួមមាន កីឡា សារព័ត៌មាន និងស្ថាប័នអភិវឌ្ឍន៍នានាដូចជា មជ្ឈមណ្ឌលអន្តរជាតិសំរាប់ការស្រាវជ្រាវលើស្ត្រី និងសម្ព័ន្ធធនាគាពិភពលោក (International Center for Research on Woman and World Bank Group) មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសជប៉ុន ប្រទេសអេស្បាញ ប្រទេសចូដាន(Jordan) និងសហរដ្ឋអាមេរិក ក៏បានអញ្ជើញចូលរួមក្នុងកម្មវីធីនេះផងដែរ។
នៅមុខសារព័ត៌មានមកពី៤០ស្ថាប័ន លោកបានថ្លែងអំណរគុណ និងនិយាយពីអ្វីដែលមនុស្សទូទៅចាំបាច់ត្រូវធ្វើសម្រាប់កុមារ។ ក្នុងឱកាសនោះដែរលោកបានបន្ថែមថា យើងគួរតែផ្តល់ឱកាសនិងតំលៃដល់ផលិតកម្មក្នុងស្រុក សម្រាប់ការប្រើប្រាស់ក្នុងស្រុក គឺដើម្បីឲ្យគុណភាពខាងវិស័យអប់រំ។ ភ្ញៀវកិតិ្តយសទាំងឡាយមានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង ចំពោះការតស៊ូមតិ ដែលបានលើកឡើងដោយលោក ហុងដា ខេសឺកិ ចំពោះតួនាទីថ្មីជា“អ្នកតស៊ូមតិសំរាប់យុវជនជាសកល”។ ភ្ញៀវភាគច្រើនមានការរំភើបចិត្ត ដោយបានស្តាប់លឺ អំពីការអភិវឌ្ឍន៍ជានិរន្ន និងបេសកម្មរបស់លោកក្នុងការដោះស្រាយ ឬសគល់នៃបញ្ហាជាសកលនេះ។ សម្រាប់ការគាំទ្របញ្ហាជាសកល និងគោលបំណងការអភិវឌ្ឍន៍ជានិរន្នរបស់អង្គការសហប្រជាជាតិ តួនាទីរបស់លោកនឹងផ្តោតសំខាន់ទៅលើ ការចូលរួមសកម្មភាពក្នុងការប្រឈមឧបសគ្គចំបង ដែលជួបប្រទះដោយយុវជននៅជុំវិញពិភពលោក។ ដូច្នេះហើយ លោក ហុងដា ខេសឺកិ និងក្រុមហ៊ុន Honda Estilo Ltd. អាចនឹងមាន ឬទទួលបានឱកាសជាច្រើន ក្នុងការផ្សារភ្ជាប់ជាមួយឆាកអន្តរជាតិសំខាន់ៗ ក្នុងឆ្នាំ២០១៦និង២០១៧នេះ។
សាលាបាល់ទាត់ SOLTILO FAMILIA SOCCER SCHOOL នៅប្រទេសកម្ពុជា
សាលាបាល់ទាត់ SOLTILO FAMILIA SOCCERSCHOOL គឺជាសាលាបង្ហាត់បាល់ទាត់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Honda Estilo បង្កើតឡើងក្នុងគោលបំណងដើម្បីអោយក្មេងៗយល់ថា ក្ដីសុបិន្តពិតជាមានសារៈសំខាន់សម្រាប់ពួកគេ ដោយយោងទៅតាមទស្សនរបស់កីឡាករ ហុងដា ខេសឺកិ ក្នុងការចង់ឃើញពូកគេក្លាយជាកីឡាករ ហុងដា ថ្មី ឬក៏មានសមត្ថភាពលើសពី ហុងដា នាពេលអនាគត។
សាលាបង្ហាត់បាល់ទាត់ SOLTILO FAMILIA SOCCERSCHOOL នេះបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ តែសម្រាប់នៅកម្ពុជាទើបតែបង្កើតនៅឆ្នាំ ២០១៦ នេះទេ ពោលគឺបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ កាលពីពេលថ្មីៗនេះ និងបច្ចុប្បន្នមាន ២ ទីតាំងនៅក្នុងរាជធានីភ្នំពេញ ដែលរួមមាននៅខណ្ឌទួលគោក ក្នុងទីលានបាល់ទាត់ Rooy7 Sport Club និងទីតាំងទី២ នៅក្នុងខណ្ឌចំការមន នៅទីលានបាល់ទាត់ 3G Mini Football Pitch។
សម្រាប់គោលបំណងធំចំបងនៃកម្មវិធីមួយនេះ គឺចង់ឲ្យក្មេងៗមានក្ដីសុបិន្តដោយចាប់ផ្ដើមពីសាលាបាល់ទាត់ SOLTILO FAMILIA SOCCERSCHOOL និងបន្តសម្លឹងរកមើលក្មេងៗដែលមានទេពកោសល្យខ្ពស់ ដើម្បីបន្តឈានក្ដីស្រមៃរបស់ពួកគេ ឲ្យបានបន្តឡើងទៅដល់កម្រិតយុវជន រួមមានចូលរួមជាមួយ SOLTILO FC Junior Youths, STFC. Partida, SOLTILO FC Kikugawa, S.T.FC និង SOLTILO FC Youth និងចុងក្រោយអាចវិវឌ្ឍន៍ទៅជាកីឡាករអាជីពនៅក្នុងក្លិប SV Horn ដែលជាក្លិបនៃលីកកំពូលរបស់ប្រទេសអូទ្រីស៕
កម្ពុជាថ្មី
បូរិន
 
 
 
No comments:
Post a Comment