Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

កម្លាំង​រក្សា​សន្តិភាព​ផ្នែក​វិស្វកម្ម ១៨៤​នាក់ នឹងត្រូវ​បញ្ជូន​ទៅកាន់ ប្រទេស​លី​បង់ នៅ​ដើមឆ្នាំ​២០១៧



ភ្នំពេញ: កម្លាំង​រក្សា​សន្តិភាព​ផ្នែក​វិស្វកម្ម ចំនួន​១៨៤​នាក់ នឹងត្រូវ​បញ្ជូន ទៅកាន់​ប្រទេស​លី​បង់ នា​ដើមឆ្នាំ​២០១៧ ខាងមុខនេះ ដែលជា​ឆ្នាំ​ទី​១០ សម្រាប់​កម្ពុជា​ក្នុង​សកម្មភាព​ចាត់​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ទៅកាន់​ប្រទេស​ចំនួន​៨ ក្នុង​ចំនួន​កម្លាំង​ប្រមាណ​សរុប​ជិត​៤.០០០​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មកា​រ​ជាតិ អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌ​ជាតិ​រក្សា​សន្តិភាព​។​

​លោក​បញ្ជាក់ថា កងកម្លាំង​យោធា​មួក​ខៀវ ក្នុង​កងឯកភាព​ជំនាញ​វិស្វកម្ម ចំនួន​១៨៤​នាក់ ខាងលើនេះ គឺជា​កម្លាំង​ប្តូរ​វេន កង​យោធា​មួក​ខៀវ​កម្ពុជា ដែល​បានបញ្ចប់​បេសកកម្ម រយៈពេល​មួយឆ្នាំ នៅ​ប្រទេស​លី​បង់ ដោយ​គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ នា​ដើមឆ្នាំ​ខាងមុខ​នេះដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត គឹម​សាន នាយក​សាលា​ហ្វឹកហ្វឺន កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ បាន​បញ្ជាក់ថា “​កងកម្លាំង​វិស្វកម្ម ដែល​នឹង​ចេញទៅ បំពេញបេសកកម្ម​នេះ គឺមាន​មកពី​បណ្តា កងឯកភាព​នានា នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ចំណុះ ក្រសួងការពារជាតិ ចំណុះ​អគ្គបញ្ជាការដ្ឋាន ចំណុះ​បញ្ជាការដ្ឋាន​កងទ័ព ជើងគោក និង​ចំណុះ​បញ្ជាការដ្ឋាន កងទ័ព​ជើង​អាកាស​” ដោយ​ទទួលបាន​ការហ្វឹកហ្វឺន គ្រប់​ជំនាញ​តាម​និយាម​ការ របស់​អង្គការសហប្រជាជាតិ សំដៅ​ត្រៀម​ប្តូរ​វេន នៅ​ប្រទេស​លី​បង់ និង​បណ្តា​ប្រទេស​ផ្សេងទៀត​។​

​ក្រៅពី​ការងារ​ហ្វឹកហ្វឺន ជំនាញ​យោធា កង​យោធា​មួក​ខៀវ តែងតែ​ទទួល​ប​ញ្ជ្រ​ប រាល់​ការផ្សព្វផ្សាយ​អប់រំ នូវ​ចំណេះដឹង អំពី​ច្បាប់​នានា ដូចជា​ច្បាប់​គ្រប់គ្រង អាវុធជាតិផ្ទុះ ជាតិ​និង​អន្តរជាតិ យល់ដឹង​ពី​ច្បាប់​សិទ្ធិមនុស្ស ច្បាប់​សង្គ្រាម ការងារ​អប់រំ​ចិត្តសាស្ត្រ ភាសា​អង់គ្លេស និង​ព័ត៌មានវិទ្យា ជាដើម​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កម្លាំង សរុប​ប្រមាណ ៣.៩៦០​នាក់ ក្នុងនោះ មាន​កម្លាំង​នារី ចំនួន ១៤៦​នាក់ ទៅ​ចូលរួម បេសកកម្ម របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​កម្លាំង​ចំនួន​ប្រមាណ​ជិត ១.០០០ នាក់ បាននិងកំពុង​បំពេញ បេសកកម្ម នៅ​ប្រទេស ចំនួន​៨ រួមមានៈ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល ឆាដ សាយ​ប្រឹស ស៊ី​រី លី​បង់ និង​ម៉ាលី​៕

CEN
ដោយ: មុនីរាជ

No comments:

Post a Comment