Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយក្រុម​រួមគ្នា​រៀបចំ​អាហារ​ជូន​អ្នកធាក់ស៊ីក្លូ និង​មនុស្ស​ចាស់​ជាង​២០០​នាក់​ ​



ភ្នំពេញ​៖ យុវជន​មួយក្រុម​ដែល​ដាក់ឈ្មោះ​ខ្លួន​ថា «​មហា​គ្រួសារ​» បានរៀបចំ​អាហារ និង​ចែក​អំណោយ​ជូន​ដល់​អ្នកធាក់ស៊ីក្លូ មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង និង​អ្នក​បោសសម្អាត​ប្រមាណ​ជិត​២០០​នាក់​។ ការរៀបចំ​អាហារ​នេះ បានធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ម៉ា​យ​ហ្វេ​ន នា​ថ្ងៃអាទិត្យ ទី​២៥ ធ្នូ​នេះ​។​

កម្មវិធី​នេះ ជាការ​រៀបចំ​ដោយ​ក្រុមយុវជន​មហា​គ្រួសារ ដែល​បាន​អង្គាស​ថវិកា ពី​សប្បុរសជន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក រួមទាំង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​។ ដំបូង​ឡើយ ក្រុម​អ្នក​ផ្តួចផ្តើម​គំនិត​គ្រោង​រៀបចំ​ជូន​អ្នកធាក់ស៊ីក្លូ​វ័យ​ចំណាស់​ត្រឹមតែ​១០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលដែល​កម្មវិធី​ចាប់ផ្ដើម មាន​អ្នកចូលរួម​រហូតដល់​ជាង ២០០​នាក់​។

លោក មីន រតនៈ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ និង​ជា​សមាជិក​ក្រុម​មហា​គ្រួសារ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការរៀបចំ​អាហារ​ជូន​ដល់​អ្នកធាក់ស៊ីក្លូ មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង និង​អ្នក​បោសសម្អាត គឺ​ដោយសារតែ​មើលឃើញ​ពី​ការលំបាក​របស់​ពួកគាត់ ក្នុងការ​ទទួលទាន​ប្រចាំថ្ងៃ​។ លោក មីន រតនៈ បាន​បន្តថា ការរៀប​ចំនេះ គឺជា​ចូលរួម​ស្ម័គ្រចិត្ត​ពី​មិត្តភក្តិ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​កើតចេញពី​ចិត្ត​រៀងៗ​ខ្លួន​។​

​សមាជិក​ក្រុម​មហា​គ្រួសារ​រូបនេះ បាន​ប្រាប់ថា ចំពោះ​ថវិកា​ដែល​បានមកពី​សប្បុរសជន​មាន​ប្រមាណ​ជិត​២​ពាន់​ដុល្លារ និង​ការជួយឧបត្ថម្ភ​ពី​ម្ចាស់​ហាង​ម៉ា​យ​ហ្វេ​ស​ផងដែរ​។ ម្យ៉ាងទៀត អាហារ​ដែល​រៀបចំ​ជូន​ពួកគាត់ មាន​ចំនួន​បួន​មុខ រួមទាំង​បង្អែម ផ្លៃ​ឈើ​ជាដើម​។ ជាមួយគ្នានេះ សម្រាប់​ថវិកា​ទាំងនោះ គឺ​ត្រូវ​ចំណាយ​ក្នុងការ​រៀបចំ​អាហារ និង​ចែក​អំណោយ​ជូន​ដល់​ពួកគាត់ ក្នុង​មួយ​នាក់ ១​ម៉ឺន​រៀល​រួមទាំង​ក្រមា ថ្នាំដុសធ្មេញ និង​សាប៊ូ​ជាដើម​។​

លោក មីន រតនៈ បាន​បញ្ជាក់ថា​៖ «​ក្រោយពី​កម្មវិធី​បាន​បញ្ចប់ទៅ អ្នកចូលរួម​ទាំងអស់​ដូចជា តា​ស៊ីក្លូ មនុស្ស​គ្មាន​ទីពឹង និង​អ្នក​បោសសម្អាត ពួកគាត់​មាន​អារម្មណ៍​សប្បាយរីករាយ និង​រំភើប​ជាខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក មីន រតនៈ​។​

លោក មីន រតនៈ បាន​ប្រាប់ថា ក្រុម​របស់​លោកមា​នស​មា​ជិ​ក​ប្រមាណ ៥០​នាក់ ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​។ ទន្ទឹមនឹងនេះ កម្មវិធី​នេះ ចំណាយពេល​១​ខែ ក្នុងការ​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​ដែល​ចង់​ចូលរួម​ការងារ​សង្គម និង​ការកសាង​បុណ្យ​កុសល​ជាដើម​។​

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​របស់លោក​បានធ្វើ ដោយ​លើក​ទី​១ បាន​ចែក​នំប៉័ង​ជូន​ដល់​ពលករ​មកពី​ប្រទេស​ថៃ និង​លើក​ទី​២​នេះ រៀបចំ​អាហារ​ជូន​ដល់​អ្នកធាក់ស៊ីក្លូ មនុស្ស​ចាស់​ដែល​គ្មាន​ទីពឹង និង​អ្នក​បោសសម្អាត​។ ក្រៅពី​កម្មវិធី​ធំៗ​បែបនេះ ក្រុម​មហា​គ្រួសារ​ក៏បាន​ប្រមូលគ្នា​ជា​ញឹកញាប់ ដើម្បី​ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ផងដែរ​៕



ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

No comments:

Post a Comment