
ភ្នំពេញ៖ ក្រោយពីមានរថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរាចរ និងបញ្ឈររថយន្តនៅលើចញ្ចើម និងទ្រូងផ្លូវ យ៉ាងអនាធិបតេយ្យ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានកំណត់ម៉ោងហាមឃាត់ការធ្វើចរាចរណ៍ និងការបញ្ឈររថយន្តបាញ់បេតុងទាំងអស់ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង ០៩:០០ព្រឹក និងចាប់ពីម៉ោង១៦:០០ដល់ម៉ោង ២០:០០យប់។ ការបញ្ឈររថយន្តបន្តកន្ទុយគ្នាយ៉ាងអនាធិបតេយ្យនេះ បណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងធ្វើឲ្យរំខានដល់ការធ្វើដំណើររួមទាំងបង្កការកកស្ទះជាដើម។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុង និងម្ចាស់ការដ្ឋានសំណង់ ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តតាមពេលវេលាហាមឃាត់។ ជាមួយគ្នានេះពេលវេលាដែលហាមឃាត់ គឺពេលព្រឹក ចាប់ពីម៉ោង០៦:០០ ដល់ម៉ោង ០៩:០០ និងពេលល្ងាច ចាប់ពីម៉ោង១៦:០០ដល់ម៉ោង ២០:០០។
ទន្ទឹមនឹងនេះ មូលហេតុដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការកំណត់ពេលវេលាហាមឃាត់ ដោយសារតែក្នុងរយៈពេលកន្លងមក មានរថយន្តដឹកជញ្ជូនបេតុងលាយស្រាប់ បានចរាចរ និងបញ្ឈររថយន្តបាញ់បេតុងបន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវ ទ្រូវផ្លូវ យ៉ាងអានាធិបតេយ្យ។ ការបញ្ឈររថយន្តទាំងនេះនៅតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរាប់រយសាធារណៈ និងរំខាន់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឲ្យកកស្ទះចរាចរផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាសផ្គត់ផ្គង់បេតុងលាយស្រាប់ ម្ចាស់ការដ្ឋានសំណង់ទាំងអស់ អនុវត្តការណែនាំនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងតទៅ។ ជាពិសេស អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការឲ្យបានត្រឹមត្រូវប្រកបដោយទំនួលខុសត្រូវ៕
ថ្មីៗ
អត្ថបទ : ញឹក ស្រីល័ក្ខ
 
 
 
No comments:
Post a Comment