
សៀមរាប៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៣ ធ្នូនេះ។ រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំជាសមាជិកបានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនោះប្រទេសកម្ពុជា និងចិន ធ្វើជាសហប្រធានដឹកនាំនៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ទទួលបានលទ្ធផលមួយចំនួន។ តាមការបញ្ជាក់របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលបានប្រាក់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា អង្គប្រជុំបានឯកភាពគ្នាលើឯកសារចំនួន៣។ ទីមួយ ទាក់ទងនឹងគោលការណ៍រួមស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចម្រុះស្តីពីវិស័យអាទិភាពគន្លឹះ នៃកិច្ចប្រជុំ។ ទីពីរ រៀបចំតារាងតាមដាននៃការអនុវត្តសេចក្តីសម្រេចលទ្ធផលកិច្ចប្រជុំ។ ទីបី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី២នេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកបានឯកភាព និងបន្តកិច្ចសហប្រតិបត្តិការតទៅមុខទៀត។
ក្នុងនោះ បន្តអនុវត្តន៍បង្កើតឲ្យមានក្រុមការងារបច្ចេកទេសនៃវិស័យអទិភាពទាំង៥ ហើយឯកភាពគ្នារៀងៗខ្លួនបង្កើតនូវលេខាធិការដ្ឋានជាតិ ឫអង្គភាពសម្របសម្រួលដើម្បីធ្វើយ៉ាងណាសម្របសម្រួលលើការអនុវត្តនៃកិច្ចប្រជុំ។ មួយវិញទៀត ក៏មានការឯកភាពគ្នារៀបចំក្រុមការងារ ចាប់សរសេររៀបរៀងនូវផែនការសកម្មភាពរយៈពេល៥ឆ្នាំទៅមុខ ដើម្បីឲ្យកិច្ចប្រជុំនេះមានទិសដៅច្បាស់លាស់សម្រាប់អនុវត្តន៍តទៅមុខ។ល។
គួររម្លឹកថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ផ្តោតសំខាន់ទៅលើវិស័យចំនួន៣ ក្នុងនោះរួមមានទីមួយ វិស័យនយោបាយ និងសន្តិសុខ ទីពីរ វិស័យសេដ្ឋកិច្ច និងទីបី វិស័យសង្គមកិច្ច និងវប្បធម៌។ ក្នុងនោះទៀតសោត កិច្ចប្រជុំក៏នឹងពិភាក្សាពីការតភា្ជប់រវាងប្រទេសជាសមាជិកមេគង្គ-ឡានឆាង ទាំងផ្លូវទឹក ផ្លូវអាកាស ក៏ដូចជាទេសចរណ៍ កីឡា វប្បធម៌ និងកសិកម្ម។ល។ គោលដៅ និងវិស័យអទិភាពនៃកិច្ចប្រជុំនេះមាន៥ចំណុច ដែលរួមមាន ទីមួយ ការតភា្ជប់ ផ្លូវគោក ផ្លូវទឹក និងអាកាស ទីពីរ សមត្ថភាពផលិតកម្ម ទីបី សហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចឆ្លងដែន ទីបួន ធនធានទឹក និងទីប្រាំ កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕
ថ្មីៗ
អត្ថបទ : អ៊ីសា រ៉ហានី
 
 
 
No comments:
Post a Comment