
ក្រុមការងាររួមមួយដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ (MRC) បានផ្តួចផ្តើមគំនិតថ្មីមួយ ឈ្មោះថា «រួមគ្នាផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូ» ដើម្បីចែករំលែកចំណេះដឹង និង ការអនុវត្តល្អៗ ក្នុងការគ្រប់គ្រងធនធានទឹកនៅទន្លេសាបរបស់ប្រទេសកម្ពុជា និងទន្លេសុងក្លារបស់ប្រទេសថៃ។
គំនិតផ្តួចផ្តើមរួមគ្នាផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងបឹងទន្លេសាប និងបឹងសុងក្លា ដែលកំពុងអនុវត្តដោយអាជ្ញាធរនៃប្រទេសទាំងពីរ ក្រោមកម្មវិធីគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ (IWRMP) របស់ MRC។ គម្រោងនេះ នឹងជំរុញ ក៏ដូចជាសម្របសម្រួលរបៀបផ្លាស់ប្តូរចំណេះដឹង រវាងទន្លេទាំងពីរ អំពីអភិបាលកិច្ចក្នុងការគ្រប់គ្រងទន្លេ តាមរយៈមធ្យោបាយទំនាក់ទំនងដែលមានប្រសិទ្ធិភាព។
ក្រោមគំនិតផ្តួចផ្តើមនេះ មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍មកពីទន្លេទាំងពីរ នឹងដើរតួនាទីជាអ្នកកាសែតប្រជាជន ដើម្បីផលិតវីដេអូឃ្លីប ទាក់ទងនឹងជីវភាពរស់នៅតាមដងទន្លេ និងបញ្ហានានាពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ ដូចជា សកម្មភាពនេសាទដែលគ្មាននិរន្តរភាព ការខ្វះប្រភពចំណូលបន្ថែមពីលើការនេសាទ និងផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។ វីដេអូទាំងនោះ ក៏នឹងផ្តោតទៅលើដំណោះស្រាយសមស្របក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ ផងដែរ។
លោក អាន ពេជ្រហត្តដា នាយកផ្នែកផែនការរបស់ MRC មានប្រសាសន៍ថា៖ «វីដេអូ គឺជាឧបករណ៏សោតទស្សន៍ដ៏មានសក្កានុពល និងប្រកបដោយភាពច្នៃប្រឌិត ក្នុងការបង្កើតការយល់ដឹង ចែករំលែកចំណេះដឹង និងជំរុញឲ្យមានដំណោះស្រាយក្នុងតំបន់ ទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេ សាប និង ទន្លេសុងក្លា»។
គម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា បានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៤ មក ក្នុងនាមជាគម្រោង រួមរបស់ប្រទេសកម្ពុជា និងថៃ ហើយវាជាគម្រោងមួយក្នុងចំណោមគម្រោងទេ្វភាគី ចំនួន៥ នៅក្រោម IWRMP។ គម្រោងទ្វេភាគីទាំង នេះ ទទួលបានជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក និងបានជំនួយបច្ចេកទេសពីលេខាធិការដ្ឋាន MRC។
ជាការចាប់ផ្តើមនូវគំនិតផ្តួចផ្តើមផ្លាស់ប្តូរព័ត៌មានតាមរយៈវីដេអូ នេះ ក្រុមការងារផ្នែកទំនាក់ទំនងរបស់ MRC បានរៀបចំសិក្ខាសាលា បណ្តុះបណ្តាល ពីការថតវីដេអូ ចំនួន៣ថ្ងៃនៅខេត្តបាត់ដំបងកាលពីខែវិច្ឆិកា។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ចំណេះដឹង និងជំនាញថតវីដេអូ របៀបសរសេរ និងបច្ចេកទេសកាត់ត ដល់មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៏មកពីកម្ពុជា និងថៃ ចំនួន២០នាក់។
លោក ស៊ិន វិសិទ្ធិ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា មានប្រសាសន៍ថា៖ «កាលពីមុន យើងគ្មានថវិកា បទពិសោធន៏ និងជំនាញចាំបាច់ ក្នុងការបង្កើតធម្យោបាយទំនាក់ទំនងផ្សេងៗដូចវីដេអូ នេះទេ ដូច្នេះ ការប្រាស្រ័យទាក់ទងរវាងទន្លេទាំងពីរពឹងផ្អែកទាំងស្រុងលើរបាយការណ៍»។
នាង Sawwanit Pakbara មន្ត្រីទទួលបន្ទុកព័ត៌មាន និងទំនាក់ទំនងមកពីក្រុមការងារទន្លេសុងក្លា ថ្លែងថា៖ «ចាប់ពីពេលនេះទៅ យើងនឹងអាចរួមគ្នាឆ្លុះបញ្ចាំងបញ្ហា និងដំណោះស្រាយជុំវិញការគ្រប់គ្រងបឹង នៅក្នុងវីដេអូ និងបង្ហាញវីដេអូ នោះ នៅសហគមន៍នានា នៅទន្លេសាប និងសុងក្លា»។
លោក ហោ សំអាត អនុប្រធានសហគមន៏នេសាទ រហាលសួងស្តីក្រោម នៃខេត្តបាត់ដំបង ដែលក្រុមការងារមកពីទន្លេទាំងពីរចុះ ទៅថត វីដេអូក្នុងពេលហ្វឹកហ្វាត់បីថ្ងៃនោះ មានប្រសាសន៍ថា៖ «ទោះបីជា ធនធាន និងជំនាញ របស់ពួកយើង មានកម្រិត ប៉ុន្តែពួកយើងប្តេជ្ញា ចែក រំលែក និងរៀនសូត្រពីគូភាគីរបស់យើង។ វានឹងជួយសហគមន៏យើង ក្នុងការរកវិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេស ធនធានទឹក អោយបានកាន់តែល្អប្រសើរ»។
លោក Chatchai Ratanachai ទីប្រឹក្សាជាតិនៃគណៈកម្មាធិការជាតិមេគង្គថៃ ទទួលបន្ទុកទន្លេសុងក្លា មានប្រសាសន៍ នេះជាការចាប់ផ្តើមល្អ លោករំពឹងថា គំនិតផ្តួចផ្តើមនេះ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពង្រីកការគាំទ្រច្រើនថែមទៀតដល់សហគមន៍មូលដ្ឋាន៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
 
 
 
No comments:
Post a Comment