Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

លោក ត្រាំ សន្យា​កែទម្រង់ UN ក្រោយ​UN អនុម័ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​



ភា្ល​មៗ​ក្រោយ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ប្រឆាំង​ការសង់​លំនៅដ្ឋាន​ខុសច្បាប់​លើដី​ប៉ា​ឡេ​ស្ទី​ន ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​រៀបចំ​ការ​ផ្លាស់ប្តូរ​នៅ​អង្គការ​នេះ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​។

ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ការផ្លាស់ប្តូរ​នៅ​អង្គការសហប្រជាជាតិ នឹង​កើតមានឡើង​ក្រោយពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ២០​មករា​ខាងមុខនេះ​។

​លោក​បាន​សរសេរ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា ៖​​« សម្រាប់​អង្គការសហប្រជាជាតិ អ្វីៗ​នឹង​ផ្លាស់ប្តូរ​នៅក្រោយ​ថ្ងៃ ២០ ខែមករា​ខាងមុខ​»​។​



ការលើកឡើង​បែបនេះ គឺជា​ការឆ្លើយតប​ការអនុម័ត​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​រាល់​សក​ម្ម​ភាព​បំពារបំពាន​ដែនដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​សង់​លំនៅដ្ឋាន​ខុសច្បាប់​នោះ​។ អាមេរិក​មិនបាន​ជំទាស់​ដំណោះស្រាយ​នេះឡើយ ហើយ​បាន​ត្រឹម​នៅ​ស្ងៀម​បោះឆ្នោត​អនុប្បវាទ​ប៉ុណ្ណោះ​។​

​ចំណែក​អ៊ីស្រាអែល បាន​ទិតៀន​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឥត​សំចៃមាត់ ហើយ​ប្រកាស​មិន​អនុវត្តតាម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ទេ​។ អ៊ីស្រាអែល​ព្រលយ​ពាក្យ ខ្លួន​រង់ចាំ​រដ្ឋបាល​ថ្មី​របស់លោក ដូ​ណា​ល់ ត្រាំ ឡើង​មកហើយ​លុបចោល​ដំណោះស្រាយ​ដែល​ប្រឆាំង​អ៊ីស្រាអែល​នេះ​ថែមទៀត​។​

​មុន​មានការ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សាសន្តិសុខ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ស្នើសុំ​ឲ្យ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រើប្រាស់​សិទ្ធិ​វេតូ​ជំទាស់​ដំណោះស្រាយ​ខាងលើនេះ ហើយ​លោក​អះអាងថា​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ៊ីស្រាអែល​។ លោក​ក៏បាន​ពន្យល់​បន្ថែម​ផងដែរ​ថា គ្រប់យ៉ាង​ពឹង​លើ​ការចរចា​គ្នា​ដោយផ្ទាល់ ហើយ​រាល់​ការកំណត់​របស់​អង្គការសហប្រជាជាតិ​លើ​អ៊ីស្រាអែល មិន​អាចជួយ​បង្កើត​សន្តិភាព​និង​ជួយ​ឲ្យ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដោះស្រាយ​បញ្ហា​បានឡើយ​។


លោក ដូ​ណា​ល់ ត្រាំ តាំងពីដើម​មក​មាន​និន្នាការ​លម្អៀង​ទៅរក​អ៊ីស្រាអែល​។ លោក​ធ្លាប់​សន្យា​ប្តូរ​ទីតាំង​ស្ថានទូត​ពី​ក្រុង Tel Aviv ទៅកាន់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថែមទៀត ដើម្បី​ទទួលស្គាល់ថា​អ៊ីស្រាអែល​កាន់កាប់​ទឹកដី​នេះ​ដោយ​ស្របច្បាប់​។ តែ​គ្រប់គ្នា​ឃើញថា វា​ជា​គោលនយោបាយ​មួយ​ដ៏​គ្រោះថ្នាក់ ហើយ​វា​ក៏​បំផ្លាញ​រាល់​ផ្លូវ​ដើរ​ទៅរក​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ដែរ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments:

Post a Comment