Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

FFC បកស្រាយ​រឿង​ដែល AFC ពិន័យ និង​ទទួលស្គាល់​កំហុសឆ្គងរ​បស់​មន្ត្រី​



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​បកស្រាយ​ករណី​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ពិន័យ​ចំពោះ FFC និង​មន្ត្រី​របស់ខ្លួន​លើ​បទ​ក្លែងបន្លំ​ឯកសារ​។​

​កាលពី​ថ្ងៃទី​១៥ ខែធ្នូ គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ហើយ​ចេញ​សេចក្តីសម្រេច​លើ​ការដាក់ពិន័យ​សហព័ន្ធ មន្ត្រី និង​អ្នកពាក់ព័ន្ធ ដែល​ក្នុងនោះ មាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​មន្ត្រី​ម្នាក់​ខ្លួន​ផងដែរ​។ តាម​សេចក្តីសម្រេច AFC បាន​ពិន័យ FFC ជា​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក និង​លោក គល់ សុភា​រម្យ មន្ត្រីរដ្ឋបាល ចំនួន​៥០០០​ដុល្លារ​អាមេរិក រួមទាំង​ហាម​មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់​រយៈពេល​១២​ខែ ពីបទ​ក្លែងបន្លំ​ឯកសារ​ដោយ​រំលោភ​លើ​ច្បាប់ AFC​។​

​ទាក់ទង​នឹង​ករណីនេះ លោក ម៉ែ តុលា អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​ឃ្លី​ប​វីដេអូ​ខ្លី​មួយ​ដើម្បី​បកស្រាយ​បញ្ជាក់ថា ការចោទប្រកាន់​របស់ AFC ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​កីឡា​ករនី​ហ្សេ​រី​យ៉ា​ម្នាក់​សម្រាប់​ក្លិប​ណាហ្គា​វើ​ល នា​ការប្រកួត​វគ្គ Playoff នៃ​ពានរង្វាន់ AFC CUP កន្លងមក​។​

​លោក ម៉ែ តុលា មិនបាន​បញ្ជាក់​ពី​ឈ្មោះ​របស់​កីឡា​ករនី​ហ្សេ​រី​យ៉ា​នោះឡើយ តែបើ​តាម​ការផ្សាយ​រប​ស់កា​សែត​ភ្នំពេញ ប៉ុស្តិ៍ កីឡាករ​នោះ គឺ George Kelechi ដែល​បាន​លេង​បាល់ទាត់​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០១៤​មក ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប ភ្នំពេញ​ក្រោ​ន មុននឹង​ផ្ទេរ​ទៅកាន់​ណាហ្គា​វើ​ល​។​

​អ្នកនាំពាក្យ FFC បាន​អះអាងថា សហព័ន្ធ​របស់លោក​បាន​ទទួល​លិខិតបញ្ជាក់​ការផ្ទេរ​អន្តរជាតិ ITC (International Transfer Certificate) ពី​សហព័ន្ធ​កីឡាបាល់ទាត់​នី​ហ្សេ​រី​យ៉ា តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ ប៉ុន្តែ​នៅពេលដែល​ណាហ្គា​វើ​ល​បាន​ចុះឈ្មោះ​កីឡាករ​នេះ​ក្នុង​បញ្ជី​សម្រាប់​វគ្គ Playoff នៃ​ពានរង្វាន់ AFC CUP មន្ត្រី​សហព័ន្ធ​ស្រាវជ្រាវ​រក​ឯកសារ​ផ្ទេរ​មិនឃើញ ទើប​សម្រេច​ធ្វើលិខិត​បញ្ជាក់​ថ្មី​មួយ​។ បើតាម​លោក ម៉ៃ តុលា នេះហើយ​ជា​បញ្ហា​ដែល FFC និង​មន្ត្រី​របស់ខ្លួន​ទទួលរង​ការពិន័យ ដោយសារ AFC បដិសេធ​លិខិត​ថ្មី និង​ហាម​មិន​ឲ្យ George Kelechi ចូលក្នុង​ព្រឹត្តិការណ៍ AFC CUP​។​

​បន្ថែម​លើ​ការអះអាង​របស់លោក ម៉ែ តុលា FFC បានទទួល​ស្គាល់​នៅលើ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា FFC ទទួលខុសត្រូវ​ចំពោះ​កំហុសឆ្គង​នៃ​មន្ត្រី​របស់ខ្លួន ហើយនឹង​ចាត់វិធានកា​រណ៍វិន័យ​តាម​បទបញ្ជាផ្ទៃក្នុង FFC ដើម្បី​ឲ្យ​សមស្រប​ជាមួយ​គោលដៅ និង​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព និង​គុណភាព​វិជ្ជាជីវៈ​ការងារ បម្រើ​វិស័យ​បាល់ទាត់​ឲ្យ​កាន់តែ​ប្រសើរ​៕



ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments:

Post a Comment