
ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឯកឧត្តម កឹម សុខា ប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចប្រចាំរដ្ឋសភា បានទូរសព្ទមកសម្តេច តែសម្តេចខកខានមិនបានលើក។ ហើយប្រធានក្រុមតំណាងរាស្ត្រគណបក្សបក្សកាន់អំណាចរូបនេះ ក៏ពុំបានហៅទូរសព្ទតបទៅឯកឧត្តម កឹម សុខាវិញដែរ ដោយសារសម្តេចមមាញឹកនឹងការងារពេក។
សម្តេច ស ខេង ពុំទាន់មានពេលអាចជជែករកដំណោះស្រាយនយោបាយជាមួយឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិឡើយ។ សម្តេចបានតបនឹងសំណួរអ្នកសារព័ត៌មានថា សម្តេចពុំបានលើកទូររសព្ទឯកឧត្តម កឹម សុខា ហើយក៏មិនទាន់កំណត់ថ្ងៃជជែកបញ្ហានយោបាយជាមួយឯកឧត្តម កឹម សុខា ឡើយ។ «យើងមិនទាន់មានគម្រោងជួបគ្នានៅឡើយទេ ព្រោះខ្ញុំរវល់ការងារពេក នាពេលប៉ុន្មានថ្ងៃនេះ។ ខ្ញុំឃើញ Miscalled គាត់ (កឹម សុខា) ដែរ តែខ្ញុំមិនទាន់បានលើក និងហៅត្រឡប់ទៅវិញ។ ហើយបើ សិនគាត់ (កឹម សុខា) ចង់ជួបឆាប់ៗក៏ពុំទាន់បានដែរ»។ សម្តេច ស ខេង តបនឹងសំណួរអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២២ ធ្នូ នេះ ក្រោយកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅវិទ្យាស្ថានជាតិអប់រំ។
ទន្ទឹមគ្នាដែរ សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែបន្តប្រកាន់វប្បធម៌សន្ទនាដដែល។ សម្តេចបញ្ជាក់យ៉ាងនេះថា៖«មែនទែន យើងនៅតែរក្សាវប្បធម៌សន្ទនាដដែល ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះ ខ្ញុំរវល់ខ្លាំងពេក»។
សម្តេច ស ខេង ធ្លាប់បង្ហើបប្រាប់អ្នកកាសែតពីការជជែកដោះស្រាយបញ្ហាមន្ត្រី គជប និងមន្ត្រី NGO ៤ រូបដែលកំពុងជាប់ទាក់ទងនឹងតុលាការ ក្រោយពីជំនួបភាគីជាមួយឯកឧត្តម កឹម សុខា កាលពីថ្ងៃ៧ ធ្នូកន្លងទៅ ក្នុងវិមានរដ្ឋសភា។
នៅថ្ងៃនេះ សារព័ត៌មានថ្មីៗ នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិទាំងពីររូប គឺលោក យ៉ែម បុញ្ញឫទ្ធិ និងលោក យឹម សុវណ្ណ ដើម្បីឆ្លើយតបនឹងការលើកឡើងរបស់សម្តេច ស ខេង បានទេ។
ថ្មីៗ
អត្ថបទ : រឿន ភារុន
 
 
 
No comments:
Post a Comment