
សៀមរាប៖ ក្រុមបវរកញ្ញាជប៉ុននៃមូលនិធិទឹកចិត្តទាំង៣ (Three Hearts Foundation) បានចូលរួមរៀបចំសកម្មភាពសម្អាតបរិស្ថានក្នុងរមណីយដ្ឋានអង្គរ។ ការសម្អាតបរិស្ថាន ក្រោមប្រធានបទ «រក្សាអង្គរស្អាតជានិច្ច» (Keep Angkor Clean) ក្រុមបវរកញ្ញាជប៉ុនបានធ្វើសកម្មនៅតាមសាលារៀនចំនួន៤កន្លែងក្នុងរមណីយដ្ឋានអង្គរ ក្នុងបំណងផ្សព្វផ្សាយពីចំណេះដឹងទាក់ទងនឹងបរិស្ថានទៅដល់យុវជន និងសិស្សានុសិស្ស។
ព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីបរិស្ថានក្រោមប្រធានបទ «រក្សាអង្គរស្អាតជានិច្ច» ត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៦។ ព្រឹត្តិការណ៍ធ្វើឡើងក្រោយពីមានសកម្មភាពរបស់បវរកញ្ញាជប៉ុនចូលរួមសម្អាតបរិស្ថាននៅគោលដៅចំនួន៤ រួមមាននៅសាលាបឋមសិក្សាគោកចក សាលាបឋមសិក្សាស្រះស្រង់ សាលាបឋមសិក្សាក្រវ៉ាន់ និងនៅភូមិទក្សិណត្បូង ដែលស្ថិតក្នុងតំបន់អង្គរ។

នៅក្នុងពិធីនោះ បវរកញ្ញាជប៉ុនឆ្នាំ២០១១ និងជានាយិកាប្រតិបត្តិនៃអង្គការមូលនិធិទឹកចិត្តទាំង៣ កញ្ញា ហ៊ីសាអិ អារ៉ៃ (Hisae Arai) បានឲ្យដឹងថា សារសំខាន់នៃព្រឹត្តិការណ៍នេះ គឺ«ការដាក់សំរាមក្នុងធុងសំរាម»។ កញ្ញាបញ្ជាក់ថា សារនេះសាមញ្ញណាស់ តែវាពិតជាសំខាន់ក្នុងការជំរុញសម្រស់ និងភាពស្អាតនៃទីក្រុង និងសុខភាពរបស់យើងទាំងអស់គ្នា។
សារសំខាន់នៃសកម្មភាពរបស់ក្រុមបវរកញ្ញាជប៉ុននៃអង្គការមូលនិធិទឹកចិត្តទាំង៣ គឺដើម្បីអប់រំបរិស្ថាន និងបង្កើនការយល់ដឹងពីបញ្ហាអនាម័យសាធារណៈ ក៏ដូចជាការពារបរិស្ថានប្រជាពលរដ្ឋក្នុងតំបន់ និងភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានអង្គរ។

លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កន្លងមកអាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុការពារបរិស្ថានក្នុងតំបន់អង្គរ។ លោកបន្ថែមថា សកម្មភាពរបស់បវរកញ្ញាជប៉ុន គឺជាគំនិតល្អបន្ថែមទៀត ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថានក្នុងតំបន់បេតិកភណ្ឌពិភពលោកមួយនេះ។ តាមការបញ្ជាក់របស់លោក ហង់ ពៅ ក្នុងសកម្មភាពផ្តោតលើការការពារបរិស្ថាននេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវវិញ្ញាបនបត្រ ISO 14001 ផ្នែកបរិស្ថាន ពីស្ថាប័នធានាគុណភាពនៃប្រទេសជប៉ុនលើការងារគ្រប់គ្រងបរិស្ថានក្នុងឧទ្យានអង្គរ ហើយស្ថាប័ននេះតែងចុះមកធ្វើសវនកម្មជារៀងរាល់៤ឆ្នាំម្តង ក្រោយទទួលបានវិញ្ញាបនបត្រចាប់ពីឆ្នាំ២០០៤មក។
គួររម្លឹកថា ក្រោយទទួលបានជោគជ័យក្នុងកម្មវិធី «កែបស្អាតកែប» នៅខេត្តកែបកន្លងទៅ អង្គការមូលនិធិទឹកចិត្តទាំង៣ បានរៀបចំកម្មវិធីស្រដៀងគ្នានៅខេត្តសៀមរាប ដែលមានឈ្មោះថា «រក្សាអង្គរស្អាតជានិច្ច»។ សកម្មភាពសំខាន់ក្នុងកម្មវិធីនេះមាន៣សំខាន់ គឺទី១ ការប្រមូលសំរាមដើម្បីជំរុញនូវសារគន្លឹះ «ដាក់សំរាមក្នុងធុងសំរាម» ទី២ សកម្មភាពការធ្វើលំហាត់ប្រាណអប់រំ «តោះ នាំគ្នាប៊ីយូធីសាយ-Beauticise» ដោយបវរកញ្ញាជប៉ុន និងទី៣ កម្មវិធីផ្លាស់ប្តូរវប្បធម៌ចំនួន៣ផ្សេងទៀត។
ក្រុមបវរកញ្ញាជប៉ុន ដែលបានចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ រួមមាន បវរកញ្ញា ឆ្នាំ២០១៦ ឆ្នាំ២០១៥ ឆ្នាំ២០១៣ និងប្រធានគ្រប់គ្រងគណៈកម្មាធិការរៀបចំការប្រកួតជ្រើសរើសបវរកញ្ញាជប៉ុនជាដើម។ ក្រៅពីនេះក៏មានការចូលរួមមានអាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា អង្គការដៃគូ រួមនិងសិស្សានុសិស្សសរុបទាំងអស់ប្រមាណ ២០០០នាក់៕
ថ្មីៗ
អត្ថបទ : អ៊ីសា រ៉ហានី
 
 
 
No comments:
Post a Comment