
បើទោះបីជាបច្ចុប្បន្នភាពបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍មានការរីកចម្រើនលូតលាស់ឆាប់រហ័សយ៉ាងណាក៏ដោយ ក៏ព្រះពុទ្ធសាសនានៅតែដើរតួនាទីសំខាន់ក្នុងការអប់រំសីលធម៌ តាមបែបចិត្តសាស្ត្រដ៏ស្អាតស្អំ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់សង្គមខ្មែរយើង។ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំនិមន្តប្រគេនព្រះសង្ឃសម្តែងព្រះធម្មទេសនាក្រោមប្រធានបទ “ការដឹងគុណមាតាបិតា និងលោកគ្រូ អ្នកគ្រូ” ជូនដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី៥ ដល់ទី១១ ចំនួន២,៨០០នាក់ ដើម្បីត្រងត្រាប់ស្តាប់ការអប់រំទូន្មានតាមបែបព្រះពុទ្ធសាសនារយៈពេលបីថ្ងៃកាលពីពេលថ្មីៗកន្លងទៅនេះនៅបីសាខាផ្សេងគ្នា។
លោកស្រី ឡា សុភៈ នាយកចាងហ្វាង និងចាងហ្វាងមធ្យមសិក្សាទុតិយភូមិ បានឱ្យអ្នកយកព័ត៌មានដឹងថា ការនិមន្តប្រគេនព្រះសង្ឃសម្តែងព្រះធម្មទេសនានេះត្រូវបានរៀបចំឡើងដើម្បីអប់រំសីលធម៌ អប់រំចិត្ត និងរំឭកដាស់តឿនបន្ថែម ដល់ប្អូនៗសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវការគោរពប្រណិប័តន៍ឱ្យបានល្អប្រពៃចំពោះមាតាបិតាដែលមានគុណធ្ងន់លើសប្រឹថពីផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានប្រៀនប្រដៅ និងទំនុកបម្រុងគ្រប់សព្វបែបយ៉ាងដល់កូនបានមករៀនសូត្រ និងដើម្បីឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ពីការខិតខំលះបង់អស់កម្លាំងកាយចិត្តរបស់លោកគ្រូ អ្នកគ្រូផ្តល់នូវចំណេះដ៏មានតម្លៃថ្លៃថ្លា ក៏ដូចជាជំរុញទឹកចិត្តប្អូនៗឱ្យបង្កើនការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ស្វាធ្យាយ កុំឱ្យរវាតឃ្លាតចាកឆ្ងាយពីគុណធម៌នៅក្នុងជីវិតប្រចាំថ្ងៃ។ លោកស្រីបន្តថា តាមរយៈការស្តាប់នូវព្រះធម្មទេសនានេះមិនគ្រាន់តែបានផ្តល់នូវការអប់រំ និងដាស់តឿនដល់ប្អូនៗសិស្សានុសិស្សឱ្យប្រកាន់ខ្ជាប់នូវកតញ្ញូកតវេទីប៉ុណ្ណោះទេ តែជាយានសន្សំបុញ្ញកុសលផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងស្រទាប់យុវជនជាពុទ្ធបរិស័ទ រួមទាំងបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំគួរជាទីគោរពសក្ការៈ។

ថ្មីៗ
អត្ថបទ : ថ្មីៗ
 
 
 
No comments:
Post a Comment